(ភ្នំពេញ)៖ បើទោះបីកំពុងស្ថិតនៅលើរថភ្លើងក្នុងពេសកកម្មចរចាពន្ធទំនិញជាមួយសហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែបន្តពិនិត្យលើគម្រោងវិនិយោគនានា ដែលបានស្នើតាមតាមរយៈប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុម័តលើគម្រោងវិនិយោគ ដែលបានស្នើផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហោះរូបភាពមួយសន្លឹកនៅលើរថយន្តភ្លើងជាមួយ i-pad បង្ហាញព័ត៌មានប្រតិបត្តិការនៃការអនុម័តគម្រោងតាមរយៈប្រព័ន្ធ cdcIPM។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកបានពិនិត្យ និងអនុម័តគម្រោងវិនិយោគតាមរយៈប្រព័ន្ធ cdcIPM ពេលកំពុងធ្វើដំណើរតាមរថភ្លើង ក្នុងឱកាសនៃការបំពេញបេសកកម្មការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ នៅសហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយប្រព័ន្ធ cdcIPM គ្រប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងត្រូវបានអនុម័តពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារខ្ពស់។
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា គឺជាប្រព័ន្ធបច្ចេកមួយ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៤កន្លងទៅនេះ។ ប្រព័ន្ធនេះធ្វើឡើងជួយសម្រួលដល់អ្នកវិនិយោគអាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគនៅកម្ពុជាតាមអនឡាញនៅគ្រប់ទីកន្លែងដោយមិនលំបាកវេចឯកសារទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះឡើយ។ ប្រព័ន្ធនេះ ក៏ជួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចពិនិត្យលើការស្នើសុំគម្រោងវិនិយោគពីអ្នកវិនិយោគនានា ហើយក៏អាចសម្រេចលើគម្រោងវិនិយោគទាំងនោះបានផងដែរ។ ទាំងការពិនិត្យ និងសម្រេច គឺអាចធ្វើបានតាមអនឡាញ និងនៅទីគ្រប់ទីកន្លែង។
តាមរយៈប្រព័ន្ធនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពិនិត្យ និងអនុម័តគម្រោងជាច្រើនកំលុងពេលលោកបំពេញការងារនៅក្រៅប្រទេស។ តាមរយៈប្រព័ន្ធនេះ បានជួយសម្រួលដល់ការពិនិត្យ និងសម្រេចលើគម្រោងវិនិយោគទាំងឡាយ ដោយមិនឱ្យរាំងស្ទះនោះឡើយ បើទោះបីលោកឧបនាយករដ្ឋមន្ត្រីកំពុងបំពេញការងារនៅក្រៅប្រទេស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចំពោះកិច្ច ចេញទៅសហរដ្ឋអាមេរិក ដើម្បីចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក។
ជាមួយការបង្ហាញរូបភាព និងព័ត៌មានស្តីពីការអនុម័តគម្រោងវិនិយោគលើរថភ្លើងនេះ នាំឱ្យអ្នកលេងបណ្តាញសង្គមចែករំលែករូបភាព និងព័ត៌មាននេះយ៉ាងច្រើន ហើយក៏បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចំពោះស្មារតីយកចិត្តទុកដាក់ និងខិតខំលើកិច្ចការបម្រើជាតិ៕