រដ្ឋបាលខេត្តព្រះវិហារ រៀបចំព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

Posted By: RoogRog Robot | 14-May-2025 14:17:50

2025-05-14 02:12pm

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា។

ពិធីនេះស្ថិតក្រោមវត្តមាន លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើនរូបទៀត។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តព្រះវិហារ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែងប្រកបដោយស្វាមីភក្តិ ដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ។

ក្នុងវេលាដ៏ឧត្តុង្គឧត្តមវិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបអភិវន្ទ សម្តែងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គជានិច្ចកាលតែងយកព្រះទ័យទុកដាក់បំពេញព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និង ជាព្រះរាជអគ្គមគ្គុទេសក៍ពេញដោយព្រះគតិបណ្ឌិតឈ្លាសវៃ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និង ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ប្រទេសជាតិមានសុខសន្តិភាព មានភាពរីកចម្រើនលើគ្រប់វិស័យ កិត្យានុភាពជាតិក៏ត្រូវបានលើក កម្ពស់ និងល្បីល្បាញលើសកលលោក ប្រជារាស្ត្ររស់នៅក្នុងជីវភាពរីកចម្រើនសម្បូណ៍សប្បាយ ឥតឈប់ឈរ។

នាឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សា ព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា និងចៀសផុតពីព្រះរោគាព្យាធិទាំងឡាយ ព្រមទាំងបានប្រកបដោយព្រះពុទ្ធ ពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្ត្រខ្មែរ តរៀងទៅ៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...