(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារប្រជុំ និងចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ ក្រោមប្រធានបទ <<រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាព និងភាពធន់>>។
ពិធីនេះបានប្រារព្ធឡើងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីណាក់បុគ្គលិក កម្មករ មកពីវិស័យឯកជនក្នុងខេត្ត និងក្រុមម៉ូតូឌុបជាង ៥០០នាក់។
អភិបាលខេត្តបានថ្លែងថា ការរម្លឹកទិវានេះគឺបង្ហាញឱ្យឃើកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករ និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទនងវិជ្ជាជីវៈ កាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅ សូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក សរ សុពុត្រា បានបន្ថែមថា នៅក្នុងបរិបទការអនុវត្តកម្មវិធីជំរុញការវិនិយោគពិសេសកំពុងតែដំណើរការមកដល់ តែផ្ទុយទៅវិញ គឺកំពុងតែមានវិបត្តិកង្វះកំលាំងពលកម្ម ដែលត្រូវបម្រើការនៅតាមរោងចក្រទទួល បានប្រាក់កម្រៃទៅតាមគោលការណ៍ច្បាប់កំណត់ក៏ដូចជាប្រាក់ឧបត្ថម្ភនានា ដែលយុវជនមួយចំនួនមិនព្រមជ្រើសរើសការងារធ្វើនៅតាមរោងចក្រ ក៏ដូចជាចូលរួមវគ្គបណ្តុះបណ្តាលដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីសិក្សាការងារ ដោយមិនមានការបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត តែបែរជាគ្មានអ្នកចុះឈ្មោះ ដែលបច្ចុប្បន្នកម្ពុជាត្រូវការចំនួន ១.៥លាននាក់ ដើម្បីបណ្តុះបណ្តាលឱ្យមានចំណេះជំនាញ និងចាប់យកឱកាសការងារ។
ការបង្កើតកម្មវិធី ១.៥លាននាក់ គឺដើម្បីធ្វើយ៉ាងណាកំណើនការងារ ហើយប្រជាជននៅក្នុងស្រុកត្រូវស្រូបយកការងារដែលមាននៅក្នុងប្រទេស ក្នុងខេត្ត ក្រុង ស្រុកឱ្យបានគ្រប់ៗគ្នា និងមានជីវភាពរីកចម្រើនបញ្ចៀសការស្រូបយក ឱកាសការងារនៅបរទេស។ នៅខេត្តស្ទឹងត្រែង គឺស្រុកសេសាន មានរោងចក្រមួយកំពុងត្រូវការកម្លាំងកម្មកររហូតដល់ទៅ ២,០០០នាក់។ បើសិនគ្មានកម្មករក្នុងស្រុក នាបំណាច់ខែមិថុនាបានដាក់ពាក្យតាមឃុំ សង្កាត់ របស់ខ្លួន ដើម្បីទទួលបានឱកាសការងារក្នុងក្រុមហ៊ុនកសិកម្មនៅស្រុកសេសាន។
ក្នុងពិធីអបអរសាទរខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, លោក បួរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានលើកឡើងពីការងារគ្រប់គ្រងស្ថិតិសហគ្រាស គ្រឹះស្ថាន និងគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ខេត្តស្ទឹងត្រែង មានសហគ្រាស គ្រឹះស្ថានចំនួន១៤៨ សហគ្រាស ដែលមានកម្មករនិយោជិត ចំនួន ៤,៥៤៥នាក់ ក្នុងនោះជនបរទេសសរុបចំនួន ២៧៥នាក់ ដែលមានវិស័យដូចជា៖ វិស័យកម្មន្តសាល មានចំនួន១៩សហគ្រាស មានកម្មករនិយោជិតចំនួន ៣២៣នាក់ វិស័យសេវាកម្សាន្ត សណ្ឋាគារ និងភោជនីយដ្ឋានមានចំនួន ៣២សហគ្រាស មានកម្មករនិយោជិតចំនួន ៣១២នាក់ វិស័យសិប្បកម្មផលិតឥដ្ឋមានចំនួន ៤សហគ្រាស មានកម្មករនិយោជិតចំនួន ១០៥នាក់ វិស័យផ្សេងៗដទៃទៀតមានចំនួន ៩៣សហគ្រាស មានកម្មករនិយោជិតសរុបចំនួន៣,៨០៥នាក់។
នាឱកាសដដែលនោះ លោកអភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវវត្ថុអនុវស្សារីយ៍ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនកម្មករ និយោជិត និងបងប្អូន ម៉ូតូឌុបក្នុងពិធីនោះ៕