(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា, លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយបានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត រួមជាមួយលោកស្រី អនុប្រធាន និងសមាជិកាកិត្តិយស គណៈកម្មការសាខា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅគេហដ្ឋានផ្ទាល់របស់លោក បានជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាអ្នកភូមិផងរបងជាមួយ រស់នៅក្នុងភូមិប្រឡាយធំ និងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ចំនួន១៨០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ថវិកា២ម៉ឺនរៀល, អង្ករ២០គីឡូក្រាម, សាប៊ូកក់សក់១ដប និងឃីត១កញ្ចប់ ក្នុងនោះមាន សារុង២, ខ្នើយ១ និងក្រមារ១។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩កន្លងទៅ លោក និងភរិយា បានចែកអំណោយជូនដល់លោកតា លោកយាយ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ ប្រមាណ១៥០នាក់ និងនាពេលនេះ ចំនួន១៨០នាក់ថែមទៀត។ លោកបន្តថា សម្ភារដែលយកមកចែកជូននេះ មួយផ្នែករបស់ភរិយាលោក រួមជាមួយសមាគមនារី និងសប្បុរសជន សម្រាប់ចែកជូនទទួលទាន និងបានប្រើប្រាស់ ស្តែងចេញពីទឹកចិត្តគោរពស្រលាញ់ និងការគិតគូរដល់ជនចាស់ជរា និងគ្រួសារប្រជាពលរដ្ឋ រស់នៅភូមិផងរបងជាមួយ។
លោក ខូយ រីដា បានផ្តាំផ្ញើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត បើមានបញ្ហាប្រឈមអ្វីមួយត្រូវទំនាក់ជាមួយអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ដើម្បីធ្វើការឆ្លើយតប និងត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្នុងភូមិឋាន ទីសាធារណៈ និងត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ <<បើមានសំរាម ផ្ទះគ្មានរាសី គ្មានយាអ៊ុន>>។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ពេលថ្មីៗនេះខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ថាជាខេត្តគ្មានសំរាម តាមដងផ្លូវជាតិលខ៥ នេះគឺជាមោទកភាពខ្ពស់ សម្រាប់ខេត្តពោធិ៍សាត់របស់យើង។ តាមរយៈនេះដែរ លោកសូមសំណូមពរដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជួយជម្រុញ និងផ្សព្វផ្សាយទៅដល់កូនចៅ ឱ្យចូលរួមរៀបចំសម្អាតអនាម័យបរិស្ថាន ទាំងក្នុង និងក្រៅផ្ទះ និងត្រូវបង្កើនការប្រុងប្រយ័ត្ន អំពីករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ដែលនាំមកនូវការបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរក្នុងគ្រួសារ និងសង្គមជាតិ។
ជាការពិតណាស់ថា ខេត្តពោធិ៍សាត់ ដែលពីមុនធ្លាប់ជាតំបន់អតីតសមរភូមិ និងជាខេត្តដែលត្រឹមតែឆ្លងកាត់ ទៅផុតមកផុត នាពេលនេះបានប្រែមុខមាត់ហើយ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនូវ សមិទ្ធផលជាច្រើន ក្រោមម្លប់សន្តិភាព នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសូមអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឈានឡើង៕