សេចក្ដីព្រាងច្បាប់ ស្ដីពីជលផល ឆ្លងផុតគណៈកម្មការទី៣នៃរដ្ឋសភា បន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

Posted By: RoogRog Robot | 13-May-2025 04:32:37

2025-05-13 11:27am

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្តីពីជលផល។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ដោយមានការចូលរួមពីតំណាងគណៈកម្មការនានានៃរដ្ឋសភា ទីប្រឹក្សាច្បាប់អមរដ្ឋសភា នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានមានប្រសាសន៍ជម្រាបជូន លោកប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាថា ច្បាប់ជលផលដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ មានអាយុ ១៩ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ។

នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿនរហ័ស ដែលទាមទារការកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គមកម្ពុជានិងសាកលលោក។

ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មីនេះឡើង។

សេចក្តីព្រាងច្បាប់ស្តីពី ជលផលមាន១៥ ជំពូក និង ១០៤ មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

បើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ដ្រី ឌិត ទីណា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជាអាថិ៍៖

* ទី១៖ គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព

* ទី២៖ ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល

* ទី៣៖ គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ

* ទី៤៖ បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដា ឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បី ឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិ

ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយ ពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបនឹងចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភាបានសាកសួររួចមក លោកសន្តិបណ្ឌិតប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះតាក់តែងនូវសេចក្តីព្រាងច្បាប់ស្ដីពីជលផលនេះឡើង ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិ។ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថានឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...