(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អមដោលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុងបាត់ដំបង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង លេខរៀងទី១៧ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ យុវជនឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
លោក ហឿន ឌឿ អភិបាលក្រុងស្តីទី បានឱ្យដឹងថា ក្រុមគ្រួសារ យុវជនឈ្មោះ គ្រុឌ សុវណ្ណារ៉ា មានជីវភាពទ័លក្រ មានបងប្អូនចំនួន ០៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្ណសមធម៌ យុវជនរូបនេះត្រូវឆ្លៀតពីកាសិក្សាហើយបានទៅធ្វើការជាមួយម្តាយ រកប្រាក់ចិញ្ចឹមគ្រួសារ និងប្អូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរគឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A នៅឆ្នាំ២០២៤ កន្លងទៅ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបានសម្តែងនូវក្តីសោមនស្សរីករាយ ការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ទន្ទឹមនឹងនេះលោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព។ លើសពីនេះទៅទៀត លោកបានគូសបញ្ជាក់ថា <<បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះ ការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ>>។
ជាមួយគ្នានេះ លោកប្រធានបានថ្លែងកោតសសើរយុវជនគ្រុឌ សុវណ្ណារ៉ា ទោះបីជាក្មួយមានជីវភាពក្រីក្រ ក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូត ប្រឡងបាននិទ្ទេស (A)និងទទួលបានអាហាររូបរករណ៍បន្តការសិក្សានៅរាធានីភ្នំពេញ ។
លោកបានគូសបញ្ជាក់ថា <<កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា>> ជាកិច្ចឆ្លើយតប យុវជនគ្រុឌ សុវណ្ណារ៉ា និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។
យុវជន គ្រុឌ សុវណ្ណារ៉ា បានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
ផ្ទះលេខរៀងទី១៧ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ បានចំណាយថវិកា ៥,៥៥០ដុល្លារ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាប ខាងមុខ២.៥ម៉ត្រ ផងដែរ។
សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នង រួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន ៖អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។
ដោយឡែកលោកយាយ លោកតានិងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបងជាមួយចំនួន ៥គ្រួសារផ្សេងទៀត ដោយមួយ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី ១២យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេសផងដែរ៕