ប៉ូឡូញ សម្រចចិត្តបិទស្ថានកុងស៊ុលរុស្ស៉ី នៅក្នុងទីក្រុង Krakow

Posted By: RoogRog Robot | 12-May-2025 21:27:24

2025-05-13 11:21am

(វ៉ាសូវី)៖ ប៉ូឡូញ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី និងប្រាប់ពីការបិទស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Krakow ក្រោយចោទប្រកាន់ថាទីក្រុងមូស្គូ មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍អគ្គីភ័យ ដែលស្ទើរតែបំផ្លាញមជ្ឈមណ្ឌលលក់ទំនិញធំមួយ នៅទីក្រុង Warsaw កាលពីឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski គូសបញ្ជាក់ថា <<ដោយសារភ័ស្តុតាងបង្ហាញថា ទីភ្នាក់ងារចារកម្មរុស្ស៉ី បានប្រព្រឹត្តអំពើបំផ្លិចបំផ្លាញដ៏គួរឱ្យស្អប់ខ្ពើម លើមជ្ឈមណ្ឌលលក់ទំនិញដ៏ធំនៅផ្លូវ Marywilska ខ្ញុំសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការនៃស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Krakow>>។ តាមអ្នកតំណាងក្រសួងការបរទេស រុស្ស៉ីមានពេលប្រហែល ៣០ថ្ងៃដើម្បីបិទស្ថានកុងស៊ុល Krakow ដែលមានអ្នកការទូត ៣នាក់ និងបុគ្គលិក ៤នាក់ផ្សេងទៀត។

រុស្ស៉ី ​បាន​បដិសេធ​ជាប់​ពាក់ព័ន្ធ​នឹងហេតុការណ៍អគ្គិភ័យនោះ ​ហើយចោទប៉ូឡូញថាមានគំនិតមិនល្អចំពោះរុស្ស៉ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ការចោទប្រកាន់ផ្សេងៗប្រឆាំងរុស្ស៉ី កាន់តែកើតមាននៅប៉ូឡូញ ហើយការចោទប្រកាន់ទាំងអស់នេះ តែងតែគ្មានមូលដ្ឋានច្បាស់លាស់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...