អង្គការសហប្រជាជាតិកោតសរសើរកម្ពុជា លើកិច្ចការប្រយុទ្ធប្រឆាំង​នឹង​មេរោគអេដស៍​ និងជំងឺអេដស៍ ប្រកបដោយលទ្ធផលល្អប្រសើរ

Posted By: RoogRog Robot | 13-May-2025 08:29:54

2025-05-13 03:28pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកស្រី Winnie Byanyima បានសម្តែងការកោត​សរសើរ​ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និង​សមិ​ទ្ធ​​ផលលេចធ្លោជាច្រើនរបស់កម្ពុជា។ លោកស្រីអគ្គលេខាធិការ​រង បាន​កោតសរសើរ​ ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់​រាជរដ្ឋា​ភិបាល​កម្ពុជាក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកស្រីបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន២ ជា មួយលទ្ធផល៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពី​ស្ថាន​ភាពផ្ទុកមេរោគអេដស៍របស់ពួកគេ,​ ៩៥ភាគរយ នៃអ្នកផ្ទុកមេរោគ​អេដស៍​បានដឹងពីស្ថានភាពមេរោគអេដស៍​របស់ខ្លួនបានទទួល​ការ​ព្យា​បាលដោយឱសថប្រឆាំងមេរោគអេដស៍,​ ៩៥ភាគរយ នៃអ្នកបាន​ទទួល​​ការព្យាបាលមានបន្ទុកមេរោគអេដស៍​)​ របស់អង្គការសហ​ប្រជា​ជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។

លោកស្រី Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគ​ជ័យ​របស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់​ និង​ ជា​សកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។

បន្ថែមលើនេះ លោកស្រីអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់​ចំពោះ​កម្ពុជាដែលជាប្រទេសមួយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាលើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និង​ជំងឺ​អេដស៍។ លោកស្រីបានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រ​កម្ពុជា​បន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រ​ ដែលបាន​ដាក់​​ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយ​កម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអង្គការសហ​ប្រជា​ជាតិ ចំពោះការរួមចំណែកដល់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួម​យ៉ាង​សកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុក​ដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ​អេដ​ស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែន​ការយុទ្ធសាស្ត្រជាច្រើន​។ ថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញនូវ​គោល​​នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រា​ប់​ឆ្នាំ២០២៣-២០២៨។ សម្តេចមហាបវរធិបតី បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លង​មេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបា​ល​កម្ពុជាបានផ្ដោតអាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល ជាពិ​សេស​ការលេីកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបាន​ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសការពង្រឹងសមត្ថភាព​មណ្ឌលសុខភាព​ ដេីម្បីពង្រីក​សេវា​សុខា​ភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា <<នៅពេលដែលយើង​និយាយ​ពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាព​របស់​ប្រជាពលរដ្ឋ>>។

ក្នុងជំនួបនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់​ពី​ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសពង្រឹងការ​ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ សម្តេចមហាបវរធិបតី បាន​លើក​ទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អ​ប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមគ្នាបន្ត​សម្រេចគោលដៅក្នុងការឆ្លេីយ​តប​ទៅនឹង​គោលដៅសកលទាំងបី​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ឆ្លើយតប​ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...