(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យភាគីចិន បង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេស ដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេស ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលជំនួបនេះ គឺមុនពិធីបើកសម្ពោធដាក់ឱ្យដំណើរការ <<រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត>> នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC)។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យភាគីចិន ចូលរួមវិនិយោគបន្ថែមលើការកសាងធនធានជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឱ្យកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិន លើការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាង ក្រុមហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។
ជាការឆ្លើយតប លោកអគ្គទីប្រឹក្សាទូត ZHAO HAIYAN បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់៕