រដ្ឋបាលខេត្ដសៀមរាប រៀបចំពិធីបុណ្យវិសាខបូជា លើកទី១២ ក្នុងខេត្ដសៀមរាប​ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណៈជន

Posted By: RoogRog Robot | 12-May-2025 13:19:58

2025-05-12 01:14pm

(សៀមរាប)៖ រដ្ឋបាលខេត្ដសៀមរាប នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ​បានរៀបចំពិធីបុណ្យវិសាខបូជា លើកទី១២ ក្នុងខេត្ដសៀមរាប​ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណៈជន ជាពិសេសសាមណេ និងសីលវន្ត សីលវតី ដែលបានចូលរួមសាងផ្នួសទាំង៥០៩រូប ឲ្យបានស្វែងយល់អំពីពុទ្ធប្រវត្តិ និងពុទ្ធឱវាទរបស់ព្រះបរមគ្រូនៃយើង ហើយតម្កល់ចិត្តឱ្យបានជ្រះថ្លា ដែលជាធម៌អប់រំចិត្តដ៏ប្រពៃថ្លៃថ្លា ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។

ពិធីនេះ ក្រោមវត្តមានរបស់លោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃ ខេត្ត-ក្រុង ព្រះចៅអធិការតាមបណ្តាវត្តវ៉ាអារាមក្នុងក្រុងសៀមរាប និងតំណាងមន្ទីរ អង្គភាព ព្រមទាំងដូនជី តាជី និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក លី សារី បានលើកឡើងថា ពិធីបុណ្យនេះ មិនមែនមានតែខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ដែលប្រារព្ធពិធីបុណ្យវិសាខបូជា គឺនៅជុំវិញពិភពលោក ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ក៏កំពុងតែប្រារព្ធដូចគ្នាផងដែរ។ លោកបន្តថា នេះជាគោលការណ៍សន្តិភាព អហិង្សាធម៌ និងសីល៥ នៃទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ ត្រូវបានអង្គការសហប្រជាជាតិ បញ្ចូលទៅក្នុងខ្លឹមសារស្ទើរតែ ទាំងស្រុងនៃសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស។

លោកបានបន្តថា ធីបុណ្យវិសាខបូជា គឺជាបុណ្យមួយដ៏ធំ នៅក្នុងព្រះពុទ្ធសាសនា ដែលចាត់ទុកជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ សម្រាប់រំឭកដល់ព្រះពុទ្ធសមណគោត្តម បរមគ្រូ ជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ហើយការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ។

លោកបន្ថែមថា ព្រោះថ្ងៃធ្វើពិធីបុណ្យនេះ ជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍ដ៏អស្ចារ្យ ៣យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិត របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។

បុណ្យវិសាខបូជា ជាបុណ្យមួយដែលមានមហាជន ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...