(ក្រចេះ)៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបាន ៩៥,៩៣% ហើយបើគិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គ្រោងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
នេះបើតាមការបញ្ជាក់របស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៅក្នុងឱកាសដែល លោកបានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងផ្លូវតភ្ជាប់ និងដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងប្រគល់ឯកសារប្លង់ដី ដែលបានដោះស្រាយផលប៉ះពាល់រួច នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក លឹម ស៊ីដេនីន បានបញ្ជាក់ថា <<បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនាខែកញ្ញា ឆ្នាំ២០២៥>>។
លោករដ្ឋលេខាធិការ បានលើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ <<មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា>> នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ ទំនងនិងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយ ផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដ៏ទៃទៀត។
ក្រោយពីដឹកនាំកិច្ចប្រជុំនិងធ្វើបទបង្ហាញ និងប្រគល់ឯកសារដែលបានដោះស្រាយផលប៉ះពាល់រួចពីតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបានណែនាំ និងស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការរំលោភកាន់កាប់ដីចំណីផ្លូវខុសច្បាប់ ហើយនៅពេលសាងសង់សំណង់ ឬការចាក់ដីក្នុងដែនកំណត់ដីចំណីផ្លូវ ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរទទួល បន្ទុកផ្លូវថ្នល់ និងភាគីពាក់ព័ន្ធ៕