វិភាគអន្តរជាតិ៖ តើឥណ្ឌា ឬក៏ប៉ាគីស្ថានជាអ្នកឈ្នះ?

Posted By: RoogRog Robot | 12-May-2025 16:54:39

2025-05-12 08:50pm

(វ៉ាស៊ីនតោន)៖ ឥណ្ឌា និងប៉ាគីស្ថាន បានអះអាងពីជ័យជម្នះរៀងៗខ្លួននៅក្នុងជម្លោះប្រដាប់អាវុធប៉ុន្មានថ្ងៃកន្លងទៅនេះ។ នៅក្នុងប្រទេសឥណ្ឌា សារព័ត៌មានធំៗ បានសរសេរដាក់ចំណងជើង នៅលើក្របទំព័រមុខរបស់ខ្លួនថា <<ប៉ាគីស្ថានចុះចាញ់ហើយ>> តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថារដ្ឋជា គូសត្រូវប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២បានឈានដល់បទឈប់បាញ់។ ក្រោយមកទៀត រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថាសកម្មភាពយោធារបស់ឥណ្ឌា ដែលធ្វើឡើងជាការសងសឹកទៅនឹងការសម្លាប់ភ្ញៀវទេសចរនៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសាកន្លងទៅ គឺជាសារមួយយ៉ាងរឹងមាំបញ្ជូនទៅឱ្យពួកភេរវករ។

ព្រមពេលជាមួយគ្នា នៅប៉ាគីស្ថានវិញ មនុស្សម្នាបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីអ៉ីស្លាម៉ាបាដ ដើម្បីអបអរសាទរនូវអ្វីដែលលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ចាត់ទុកថា ជា <<ប្រវត្តិសាស្ត្រយោធា>> ដែលសម្រេចបានដោយកងទ័ពប៉ាគីស្ថាន។ <<ក្នុងពេលត្រឹមតែប៉ុន្មានម៉ោង យន្ដហោះចម្បាំងរបស់យើងបានបំបិទសូរសំឡេងកាំភ្លើងរ​បស់ឥណ្ឌា ក្នុងវិធីសាស្ត្រមួយដែលប្រវត្តិសាស្ត្រនឹងមិនត្រូវបានបំភ្លេចចោលក្នុងពេលដ៏ខ្លីនោះទេ>>។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Sharif។

ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថានេះជាការផ្ទុះឡើងនូវអំពើហិង្សាមួយដែលឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែបានខាតបង់ធ្ងន់ធ្ងរដូចតែគ្នា។ ប៉ាគីស្ថានបានអួតពីជោគជ័យនៅលើអាកាស ដោយអះអាងថា ពីឡុតយន្ដហោះចម្បាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ៥គ្រឿង ក្នុងការវាយប្រយុទ្ធគ្នាលើអាកាស ក្នុងនោះរួមមានយន្ដហោះចម្បាំង Rafales ផលិតដោយបារាំង ៣គ្រឿង ដែលនេះមើលទៅ វាជារឿងដ៏អាម៉ាសមួយសម្រាប់កងទ័ពអាកាសឥណ្ឌា។ តាមទូរទស្សន៍អាមេរិក CNN យន្ដហោះចម្បាំង២គ្រឿងបានធ្លាក់នៅលើទឹកដីឥណ្ឌាដែលជាប់ព្រំដែនជាមួយប៉ាគីស្ថាន រីឯប្រភពពីចារកម្មបារាំងមួយបានប្រាប់ CNN ថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះចម្បាំង Rafales របស់ឥណ្ឌា មួយគ្រឿង។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីឥណ្ឌានៅតែបដិសេធទទួលស្គាល់ ការបាត់បង់យន្ដហោះចម្បាំងសូម្បីតែមួយគ្រឿង។

ឥណ្ឌាវិញ បានបញ្ចេញរូបភាពផ្កាយរណបបង្ហាញពីការខូចខាតធ្ងន់ធ្ងរនៃផ្លូវយន្ដហោះ និងស្ថានីយរ៉ាដាដែលក្រុមមន្ត្រីយោធាឥណ្ឌាថាមូលដ្ឋានយោធាជាច្រើនរបស់ប៉ាគីស្ថានត្រូវបានកម្ទេចដោយ ការវាយប្រហារតាមផ្លូវអាកាសដ៏សម្បើមរបស់ឥណ្ឌា។ តាមរយៈការអះអាងពីជ័យជម្នះ មេដឹកនាំនយោបាយ និងយោធាទាំងនៅឥណ្ឌា និងប៉ាគីស្ថាន ប្រហែលជាយកបាននូវអ្វីដែលពួកគេចង់បាន តែការពិត គ្មាននរណាម្នាក់ឈ្នះពិតប្រាកដនៅក្នុងជម្លោះនេះនោះទេ។ មិនតែប៉ុណ្ណោះ ឥណ្ឌា និងប៉ាគីស្ថានក៏បានដណ្ដើមគ្នាយកមុខយកមាត់ពីកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលនាំទៅរកបទឈប់បាញ់ត្រូវបានប្រកាសដោយលោក ដូណាល់ ត្រាំផងដែរ។

គួរបញ្ជាក់ថា នៅចំពោះមុខស្ថានការណ៍អាក្រក់វិវត្តយ៉ាងលឿនរហ័សកាលពីចុងសប្ដាហ៍កន្លងទៅ ដែលធ្វើឱ្យគេបារម្ភពីហានិភ័យផ្ទុះសង្រ្គាមទាំងស្រុង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថារូបលោក និងអនុប្រធានាធិបតីអាមេរិក លោក JD Vance បានអំពាវនាវដល់មេដឹកនាំនយោបាយ និងយោធាទាំងសងខាងដោយជំរុញឱ្យពួកគេដកថយម្នាក់មួយជំហាន។ ក្រុមមន្ត្រីប៉ាគីស្ថានបានសម្ដែងការអរគុណចំពោះការធ្វើអន្តរាគមន៍ ខណៈមេដឹកនាំឥណ្ឌាមិនបាននិយាយអ្វីច្រើនពីតួនាទីរបស់សហរដ្ឋអាមេរិកទេ ហើយថាបទឈប់បាញ់ត្រូវបានសម្រេចឡើងដោយភាគីឥណ្ឌា និងប៉ាគីស្ថានដោយផ្ទាល់។ នេះអាចមកពីហេតុផល <<មោទកភាពជាតិ>> ដែលធ្វើឱ្យក្រុមមន្ត្រីឥណ្ឌាមិនចង់ទទួលស្គាល់ថាបទឈប់បាញ់មួយត្រូវបានដាក់ឱ្យអនុវត្តលើពួកគេ ឬក៏ ត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ម្យ៉ាង ឥណ្ឌាក៏បានប្រកាន់យកជាយូរមកហើយដែរនូវគោលនយោបាយមិនទទួលយកការសម្របសម្រួលពីបរទេសខាងក្រៅឡើយ នៅពេលមានជាប់ពាក់ព័ន្ធនឹងតំបន់កាស្មៀរដែលជាចំណុចកណ្ដាលនៃជម្លោះជាមួយប៉ាគីស្ថាន ដោយញូវដេលីចាត់ទុកថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនសុទ្ធសាធ។ បទឈប់បាញ់មានពិត តែវាមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ ហើយគ្រោះថ្នាក់នៃជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន ក៏មិនបានរលាយបាត់ទៅណានោះដែរ។ ប្រសិនបើការអះអាងពីជ័យជម្នះរបស់ឥណ្ឌា និងប៉ាគីស្ថានគ្រាន់តែជារឿងអួតយកមុខរៀងៗខ្លួន នោះគឺគេប្រហែលជាត្រូវរង់ចាំមើលរហូតដល់ជម្លោះនៅតំបន់កាស្មៀរផ្ទុះឡើងម្ដងទៀត៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...