យុវជន-យុវតីកម្ពុជា៧រូប ដែលទទួលចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS នៅប្រទេសហ្សកដានី បានត្រឡប់មកកម្ពុជាវិញហើយ

Posted By: RoogRog Robot | 12-May-2025 20:32:42

2025-05-12 08:30pm

(ភ្នំពេញ)៖ យុវជន-យុវតីកម្ពុជាចំនួន៧រូប ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS និងចំណាត់ថ្នាក់កិត្តិយស ក្នុងការប្រកួតធ្វើបទបង្ហាញ អំពីទ្រឹស្ដីកីឡា នៅប្រទេសហ្សកដានី បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។

ការប្រកួតប្រជែងកម្រិតអន្តរជាតិខាងលើនេះ រៀបចំឡើងដោយក្រសួងអប់រំ និងយុវជន នៃព្រះរាជាណាចក្រហ្សកដានី មានប្រទេសចូលរួមចំនួន ១៤ប្រទេស និងគ្រឹះស្ថានមធ្យមសិក្សាចូលរួមចំនួន ១៤៥គ្រឹះស្ថាន និងមានបេក្ខជនសរុបចំនួន ១២០០នាក់។

ក្នុងការប្រកួតនេះ ក្រសួងអប់រំ បានចាត់តាំងបុគ្គលិកអប់រំចំនួន៣នាក់ ជាគ្រូដឹកនាំ និងគ្រូបង្វឹកដល់យុវជន និងយុវតីកម្ពុជា ចំនួន៧នាក់ ដើម្បីទៅចូលរួមការប្រកួតប្រជែងភាសាអង់គ្លេស អូឡាំព្យាដអន្តរជាតិលើកទី៩ ចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអាម៉ាន់ ព្រះរាជាណាចក្រហ្សកដានី។

ជាលទ្ធផល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការជាប់តេស្តភាសាអង់គ្លេស IELTS រួមជាមួយនឹងការទទួលបានចំណាត់ថ្នាក់កិត្តិយស ក្នុងការប្រកួតធ្វើបទបង្ហាញទ្រឹស្តីអំពីកីឡា ផ្សារភ្ជាប់ទៅនឹងគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDGs។

សូមរំលឹកថា ក្រសួងអប់រំ បានប្រកាសជ្រើសរើសបេក្ខជន ជាសិស្សកម្រិតមធ្យមសិក្សា មានអាយុចាប់ពី១១-១៧ឆ្នាំ មានចំណេះដឹងទូលំទូលាយផ្នែកភាសាអង់គ្លេស មកពីគ្រប់រាជធានី ខេត្ត ឲ្យមកដាក់ពាក្យសុំចូលរួមការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ នៅទីក្រុងអាម៉ាន នៃព្រះរាជាណាចក្រហ្សកដានី។

ការប្រកាសជ្រើសរើសនេះ បន្ទប់ពីទទួលបានកំណត់ទូត អញ្ជើញពីស្ថានបេសកកម្ម អចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រហ្សកដានី ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...