(ស្ទឹងត្រែង)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន ប្រធានស្តីទីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក សរ សុពុត្រា បានថ្លែងអំណគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត ដើម្បីជាដៃគូសហការ ជាមួយអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
ជាមួយគ្នានេះលោក ជិន ម៉ាលីន បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការវាងអាជ្ញាធរជាតិដោះក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមការសម្រុះសម្រួល ផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ។
លោកបន្ដថា តាមរយៈអនុស្សរណៈនេះ នឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ព្រោះថាសំណុំរឿងដែលបានសម្របសម្រួលផ្សះផ្សាបញ្ចប់, រដ្ឋបាលខេត្ត អាចយកសំណុំរឿងនោះមកឲ្យអាជ្ញាធរជាតិ ក្នុងក្របខ័ណ្ឌ នៃអ.ដ.ក៕