លោក ឆាយ ឫទ្ធិសែន អនុញ្ញាតនាយិការអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Posted By: RoogRog Robot | 12-May-2025 19:19:32

2025-05-12 07:13pm

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានអនុញ្ញាតជូនលោកស្រី GWYNNETH WONG នាយិការអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ <<ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌>> ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ដោយអង្គការបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ ជាមួយគ្នានោះកន្លងមកអង្គការភ្លែនអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

លោកស្រី GWYNNETH WONG បានថ្លែងអំណរចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោកស្រី ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ លោកស្រីបានមានប្រសាសន៍ថា អង្គការភ្លែនអន្តរជាតិបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិកាជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ ឆ្នាំចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០២៧ ដោយប្រើប្រាស់ថវិការចំនួន ៣០លានដុល្លាអាមេរិច លើការអនុវត្តគម្រោងគាំទ្រលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារ។ លោកស្រីបានបង្ហាអំពីជំហរបន្តកិច្ចសហប្រតិការយ៉ាងស្អិតរមួតបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយទោះបីជាពេលនេះលោកស្រីត្រូវបញ្ចប់អាណត្តិបេសកកម្មនៅក្នុងប្រទេសកម្ពុជាក៏ដោយ។

មុនបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីនាយិកា និងសហការីដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ ជាចុងបញ្ចប់ លោករដ្ឋមន្ត្រីក៏បានប្រគល់បណ្ណសសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់លោកស្រី ក៏ដូចជាអង្គការភ្លែនអន្តរជាតិទាំងមូល ដើម្បីបង្ហាញពីការថ្លែងអំណរគុណចំពោះអង្គការភ្លែនដែលបានចូលរួមជាមួយក្រសួងនាពេលកន្លងមក៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...