(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមាភាគីសហភាពអឺរ៉ុប (EU) របស់លោក គឺលោកស្រី Kaja Kallas ថាចិន និងសហភាពអឺរ៉ុបមិនគួរប្រឈមមុខដាក់គ្នានោះទេ បន្ទាប់ពីលោកស្រីជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ក្រសួងការបរទេសចិនបានឱ្យដឹងថានៅក្នុងជំនួបជាមួយលោកស្រី Kaja Kallas លោក Wang Yi បាននិយាយថាចិន និងសហភាពអឺរ៉ុប មិនគួរចាត់ទុកគ្នាជាសត្រូវដោយសារតែភាពខុសគ្នា ហើយក៏មិនគួរប្រឈមមុខដាក់គ្នា ដោយសារតែការខ្វែងគំនិតគ្នានោះដែរ។ លោក Wang បន្តថាអឺរ៉ុបកំពុងជួបបញ្ហាប្រឈមជាច្រើន ប៉ុន្តែគ្មាន បញ្ហាណាមួយដែលបង្កឡើងដោយចិននោះទេ។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំ លោកស្រី Kallas ជាប្រមុខកិច្ចការការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថាចិនមិនមែនជាសត្រូវរបស់សហភាពអឺរ៉ុបនោះទេ តែបើនិយាយពីសន្តិសុខ គឺទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបកំពុងតានតឹង ដោយលោកស្រីចង់សំដៅលើការគំាទ្ររបស់ចិនចំពោះរុស្ស៉ី៕