កាកបាទក្រហមកម្ពុជា បន្តបើកវគ្គបំប៉នគ្រូបង្គោល ជូនទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពី ១៣គ្រឹះស្ថានឧត្តមសិក្សាទៀត នៅរាជធានីភ្នំពេញ

Posted By: RoogRog Robot | 03-Jul-2025 14:24:02

2025-07-03 09:17pm

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបំប៉នគ្រូបង្គោល (វគ្គទី២) ស្តីពី <<ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម>> ជូនទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៣៤នាក់ មកពី ១៣គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥០នាក់ (ស្រី១៤នាក់)។

ក្នុងឱកាសបើកវគ្គបំប៉ន លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ការបើកវគ្គបំប៉នថ្ងៃនេះ មិនមែនជាវគ្គនៃការយល់ដឹងជាមូលដ្ឋាននោះទេ គឺជាការបន្ថែមទៅលើអ្វីដែលបានបណ្តុះបណ្តាលរួចមកហើយកាលពីឆ្នាំ២០២៤, ហេតុដូចនេះ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការសិក្សានិងបំពេញការងាររបស់យុវជនកាកបាទក្រហមកម្ពុជានេះ គឺតែងតែមានការបំប៉ន នូវអ្វីដែលខ្វះចន្លោះ ឬរបកគំហើញថ្មីៗ វិធីសាស្ត្រ ចិត្តសាស្ត្រ អ្វីដែលប្លែក អ្វីដែលថ្មីបន្ថែម និងអ្វីដែលភ្លេចយកមករំលឹកឡើងវិញ។

លោកស្រីបានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៣ ផ្នែកនៃវគ្គបំប៉ននេះ គឺទី១- រំលឹកពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការប្រើប្រាស់និងការការពារបដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ, ទី២-ការងារដឹកនាំគ្រប់គ្រងក្លឹបយុវជន កក្រក, និងទី៣- វិជ្ជាសង្គ្រោះបឋម ដែលចាំបាច់ត្រូវតែបំប៉នជារៀងរាល់ឆ្នាំ។

លោកស្រីបានថ្លែងបន្តថា ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមការគង់ប្រថាប់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពិតជាមានសេចក្តីសោមមនស្សរីករាយ ក្នុងការបើកវគ្គបំប៉នទីប្រឹក្សា និងយុវជនក្រុមទី២នាថ្ងៃនេះ។

លោកស្រីបានឲ្យដឹងថា នៅក្នុងចំណោមទាំង៣ផ្នែកនេះ ផ្នែកដែលមានការចាប់អារម្មណ៍ជាងគេគឺវិជ្ជាសង្គ្រោះបឋម ដែលវិជ្ជានេះបានកើតមានឡើងចាប់តាំងពីនៅក្នុងសង្គ្រាមស៊ុលហ្វែរីណូ ដែលបានធ្វើឱ្យមានអ្នកស្លាប់និងរបួស ហើយដើម្បីជួយដល់ការសង្គ្រោះ គឺបង្កើតឱ្យមានអ្នកស្ម័គ្រចិត្ត សែងអ្នកស្លាប់ទៅបញ្ចុះ និងព្យាបាលអ្នករបួស។

<<បច្ចុប្បន្នការសង្គ្រោះបឋម គឺចំណេះដឹងជំនាញមួយដែលទិសយុទ្ធសាស្ត្ររបស់ កក្រក គឺក្នុងមួយគ្រួសារចាប់ពីថ្ងៃនេះ រហូតដល់ឆ្នាំ២០៣០ យល់ដឹងពីវិជ្ជាសង្គ្រោះបឋមម្នាក់ ពីព្រោះមានសារៈសំខាន់ជួយដល់សមាជិកក្នុងគ្រួសារ។ មុនដំបូងវិជ្ជាសង្គ្រោះបឋម កើតមានឡើងនៅពេលមានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ន គិតអំពីការសង្គ្រោះក្នុងគ្រួសារ ដូចជាពេលលង់ទឹក តើយើងជួយសង្គ្រោះដូចម្តេច? ពេលមានរន្ទះគួរជួយបែបណា? ពេលមានភ្លើងឆេះផ្ទះ ពេលមានការរលាក ត្រូវសង្គ្រោះបែបណា? ពេលមានគ្រោះថ្នាក់ចរាចរណ៍គួរជួយយ៉ាងដូចម្តេច? និងពេលមានសមាជិកក្នុងគ្រួសារមានរបួសដោយកំបិត ឬរបស់មុតស្រួចតើគួរជួយដោយវិធីសាស្ត្រណា? ទាំងនេះសុទ្ធតែត្រូវការវិជ្ជាសង្គ្រោះបឋម>>។ ការបញ្ជាក់បន្ថែមរបស់លោកស្រី។

លោកស្រីបានគូសបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ គឺជាការចុះអនុសញ្ញាក្រុងហ្សឺណែវ គោលការណ៍គ្រឹះ និងជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលក្នុងនោះ មានចែងពី ការការពារនិងប្រើប្រាស់បដិរូប, ចែងពីការការពារ និងជួយដល់ជនភៀសសឹក និងជនស៊ីវិល ដែលរងគ្រោះដោយសារសង្គ្រាម។ ក្នុងនោះក៏មានចែងពីការហាមប្រាមក្នុងការប្រើប្រាស់អាវុធធ្វើសង្គ្រាម ដែលនិយាយពីសមាមាត្រទាំងកម្លាំងនិងសព្វាវុធ មានដូចជា អាវុគីមី គ្រាប់មីន រថក្រោះ យន្តហោះ ជាដើម។

លោកស្រីបានសង្កត់ថា នៅក្នុងពេលនេះការយល់ដឹង ពីច្បាប់មនុស្សធម៌អន្តរជាតិ ជាប្រការមួយដ៏សំខាន់ ព្រោះការរៀនពីច្បាប់នេះ មិនមែនតែនៅពេលមានសង្គ្រាមនោះទេ គឺត្រូវរៀននៅពេលមានសុខសន្តិភាព ដើម្បីពេលមានសង្គ្រាម មានជម្លោះប្រដាប់អាវុធកើតឡើង គឺគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិនេះ គឺជាអ្នកការពារមនុស្សជាតិបាន។ ដូចនេះក្នុងនាមនិស្សិត បញ្ញាវន ជាអ្នកនៅសមរភូមិក្រោយ ក្រៅពីផ្តល់ជំនួយដល់កងទ័ពជួរមុខ គឺត្រូវយកចិត្តទុកដាក់ ស្វែងយល់ពីច្បាប់មនុស្សធម៌អន្តជាតិ ដើម្បីយកទៅបញ្ជ្រៀបបន្ថែមនិងដើម្បីឱ្យមានការចាប់អារម្មណ៍ និងចូលរួមទាំងអស់គ្នា ដើម្បីជួយគាំពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ទាំងកងទ័ព និងជនស៊ីវិល និងសង្ឃឹមថាមានការចូលរួមនិងពង្រឹងច្បាប់មួយនេះឱ្យកាន់តែទូលំទូលាយ។

ជាចុងក្រោយលោកស្រី សង្ឃឹមថាសិក្ខាកាមទាំងអស់ បានទទួលបានចំណេះដឹងស៊ីជម្រៅ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនបាន គឺអាស្រ័យលើកត្តាធនធានមនុស្សដែលមានចំណេះដឹង និងមានសុខភាពល្អ។

សូមជម្រាបជូនដែរថា កាកបាទក្រហមកកម្ពុជា បានបើកវគ្គបំប៉នគ្រូបង្គោលទីប្រឹក្សា និងយុវជន កក្រក មកពីគ្រឹះស្ថានឧត្ដមសិក្សាទាំង ២៥ក្នុងរាជធានីភ្នំពេញ សរុប៦៤នាក់។ ក្នុងនោះវគ្គទី១ ចំនួន៣០នាក់ កាលពីថ្ងៃទី ១ ខែកក្កដា និងវគ្គទី២ចំនួន៣៤នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ៕





































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...