(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ បានបញ្ជាឲ្យមេដឹកនាំកុលសម្ព័ន្ធប្រដាប់អាវុធគូប្រជែងម្នាក់ ឲ្យចុះចាញ់ក្នុងរយៈពេល ១០ថ្ងៃ ដើម្បីប្រឈមមុខនឹងការកាត់ទោសពីបទ <<ក្បត់ជាតិ>> ដែលជាការបង្ហាញពីការតស៊ូដណ្ដើមអំណាចផ្ទៃក្នុងដ៏តានតឹងមួយនៅតំបន់ហ្គាហ្សា។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ពី <<តុលាការបដិវត្តន៍>> របស់ហាម៉ាស់ បានចោទប្រកាន់លោក Yasser Abu Shabab ពីបទក្បត់ជាតិ, លួចរថយន្តដឹកជំនួយ UN និងទទួលការគាំទ្រពីអ៊ីស្រាអែល។ ប៉ុន្តែ ក្រុមកុលសម្ព័ន្ធ Abu Shabab បានចំអកបទបញ្ជានេះថាជា <<រឿងគួរឱអស់សំណើច>> ហើយអះអាងថា ខ្លួនជាកម្លាំងប្រជាជនដែល <<ការពារ>> ជំនួយមនុស្សធម៌ពីចោរប្លន់ទៅវិញទេ។
លោក Abu Shabab ដែលបច្ចុប្បន្នកំពុងស្ថិតនៅតំបន់ Rafah ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល គឺនៅក្រៅដែនអំណាចរបស់ហាម៉ាស់។ ប្រភពបានឲ្យដឹងកាលពីខែមុនថា ហាម៉ាស់បានបញ្ជូនជនសកម្មប្រយុទ្ធកំពូលៗរបស់ខ្លួនទៅសម្លាប់មេកុលសម្ព័ន្ធម្នាក់នេះ។ ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនបានគាំទ្រកុលសម្ព័ន្ធមួយចំនួនប្រឆាំងនឹងហាម៉ាស់ ប៉ុន្តែមិនបានបញ្ជាក់ថាជាក្រុមណានោះទេ។
គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងហាម៉ាស់ និងកុលសម្ព័ន្ធ Abu Shabab បានលាតត្រដាងពីការបែកបាក់ផ្ទៃក្នុង និងការប្រជែងដណ្ដើមការគ្រប់គ្រងធនធាន និងទឹកដីនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលសង្គ្រាមជាមួយអ៊ីស្រាអែលនៅតែបន្ត៕