ក្រសួងបរិស្ថានប្រគល់រថយន្ត១គ្រឿង និងធុងសំរាមចំនួន៥០ធុង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់នៅវត្តពោធិ៍៥០០០ដើម ទីដែលប្រជពលរដ្ឋភៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្ន

Posted By: RoogRog Robot | 03-Jul-2025 14:49:57

2025-07-03 02:41pm

(ព្រះវិហារ)៖ លោក ជ្រិន សុខា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយករថយន្តប្រមូលសំរាម ចំនួន១គ្រឿង និងធុងសំរាមចំនួន៥០ធុង ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការងារប្រមូលសំរាម និងលើកកម្ពស់អនាម័យបរិស្ថាន។

ពិធីប្រគល់-ទទួលនេះ បានរៀបចំឡើងនៅបរិវេណវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ជ្រិន សុខា បានថ្លែងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបង្ខំចិត្តភៀសខ្លួនមកស្នាក់នៅ បណ្តោះអាសន្នវត្តពោធិ៍៥០០០ដើមនេះ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានទទួលបងប្អូនជនភៀសខ្លួនប្រកបដោយ ភាពកក់ក្តៅ។ ដោយមើលឃើញពីស្ថានភាព រស់នៅរបស់បងប្អូនបែបនេះ ក្រសួងបរិស្ថានក៏បានផ្តល់នូវរថយន្តប្រមូលសំរាម១គ្រឿង និងធុងសំរាម៥០ ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់លើការងារ ប្រមូលសំរាមនៅទីនេះបានទាន់ពេលវេលា។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងនូវការអរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់រថយន្តដឹកសំរាម និងធុងសំរាម សម្រាប់ប្រើប្រាស់ ដើម្បីជួសសម្រួលការទុក ដាក់សំរាមរបស់បងប្អូនភៀសខ្លួនយើងនៅទីនេះមានភាពងាយស្រួល។

លោកបានថ្លែងរៀបរាប់ពីស្ថានភាព ក៏ដូចជាការរៀបចំនៅទីនេះ របស់អាជ្ញាធរខេត្តព្រះវិហារ ចំពោះបងប្អូនភៀសខ្លួនយើង ទាំងសណ្តាប់ធ្នាប់ ទាំងសន្តិសុខ ពិសេសលើការហូបចុក មិនឱ្យបងប្អូនយើងមានការលំបាកនោះទេ។

លោក សុខ សាន្តតារ៉ា បានថ្លែងទៀតថា៖ការផ្តល់ជូននូវសម្ភារៈទាំងនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែ មានប្រសិទ្ធភាព និងរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជាលើកកម្ពស់សោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការផ្តល់ជូននេះគឺស្របពេលដែលវត្តពោធិ៍ ៥០០០ដើម កំពុងមានប្រជាពលរដ្ឋជម្លៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសំរាម និងអនាម័យ ដើម្បីធានាសុខភាពសាធារណៈរបស់ពួកគាត់៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...