(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី បានណែនាំឲ្យកសិករស្វែងរកពូជជ្រូកល្អៗមកចិញ្ចឹម ហើយការចិញ្ចឹមជ្រូកទៀតសោត គឺកុំចិញ្ចឹមដោយប្រើប្រាស់សារធាតុគីមី។
ការណែនាំរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច និងនវានុវត្ដន៍ ២០២៥ ក្រោមវត្ដមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងឲ្យដឹងថា <<ខ្ញុំសូមឲ្យអ្នកចិញ្ចឹមសត្វជ្រូកទាំងអស់ពិសេសកសិករ មេត្តាមកស្វែងរកពូជល្អៗមកចិញ្ចឹម ប្រើប្រាស់ចំណីសុទ្ធ និងកុំចិញ្ចឹមដោយប្រើប្រាស់សារធាតុគីមី។ ជាការពិតណាស់ការប្រើប្រាស់សារធាតុគីមី នាំឲ្យការចិញ្ចឹមបានឆាប់រហ័ស ប៉ុន្ដែវាបង្កហានិភ័យដល់អ្នកទទួលទាន>>។
ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធ បានបញ្ជាក់ថា <<ខ្ញុំសូមសំណូមពរឲ្យអ្នកចិញ្ចឹមជ្រូក សូមកុំប្រើប្រាស់សារធាតុគីមីច្រើនពេក ព្រោះការប្រើប្រាស់សារធាតុគីមីច្រើនពេក មិនត្រឹមតែសម្លាប់គេនោះទេ ប៉ុន្ដែបានសម្លាប់ខ្លួនឯងផងដែរ>>។
ក្នុងនោះផងដែរឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញពីការចិញ្ចឹមជ្រូកដែលចំណាយតិច និងចំណេញច្រើនផងដែរ។
ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងថា ពីមុនការចិញ្ចឹមជ្រូក មិនដែលទទួលបានកូនក្នុង១ឆ្នាំ២ដងកន្លះនោះទេ ពីមុនយើងប្រើប្រាស់ពូជជ្រូកពីប្រទេសថៃ និងប្រទេសវៀតណាម ប៉ុន្ដែឥឡូវនេះយើងប្រើប្រាស់ពូជជ្រូកពីអង់គ្លេស យកមកធ្វើបាជ្រូកដោយខ្លួនឯង ដែលនាំឲ្យចិញ្ចឹមទទួលបានផលច្រើន៕