រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំងរបស់ចិន បើកពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤

Posted By: RoogRog Robot | 27-Apr-2024 12:43:50

2024-04-27 11:42am

(ភ្នំពេញ)៖​ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំងរបស់ចិន បានរៀបចំពិធីបើកពិព័រណ៌គំនូរកម្ពុជា-ចិន ដើម្បីអបអរ <<ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤>>។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ហ៊ូស៉ឺចុង (HU Shizhong) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តជាំងស៉ី, លោក ឆិន ឆុន អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា, លោកបណ្ឌិត ឆិន ស៊ាវលីន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជីវជាំង ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នទាំងពីរមួយចំនួន។

នាឱកាសនោះដែរ លោកបណ្ឌិត សុខ ទូច បានថ្លែងថា ក្នុងឱកាសឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ សង្ឃឹមថាពិព័រណ៍គំនូរនេះជាឱកាសមួយក្នុងការរួមចំណែកជំរុញការផ្លាស់ប្តូរលើវិស័យវប្បធម៌ អប់រំ សិល្បៈ និងវិស័យផ្សេងៗទៀតថែមទាំងមួយកម្រិតទៀត។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានគូសបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ប្រាកដជានឹងសម្រេចបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀតដែលអាចឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រដែលបានប្រកាសរួមគ្នាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។

លោក ហ៊ូស៉ឺចុង បានឱ្យដឹងថា សិល្បៈគំនូរ ចិនមានប្រវត្តិយូរអង្វែង មានអត្ថន័យជ្រាលជ្រៅ និងគុណតម្លៃសិល្បៈពិសេស។ ការតាំងពិព័រណ៍គំនូរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពទាក់ទាញនៃសិល្បៈគំនូរចិនជូនមិត្តភក្ដិកម្ពុជា ស្របពេលជាមួយគ្នានោះលោកក៏សង្ឃឹមថា នឹងអាចរៀនសូត្រពីគ្នាទៅវិញទៅមកស្វែងយល់ពីចំណេះដឹងសំខាន់ៗរបស់វប្បធម៌កម្ពុជា ដើម្បីជំរុញការរៀន និងរួមបញ្ចូលវប្បធម៌នៃប្រទេសទាំងពីរ សំដៅពង្រឹងការស្វែងយល់ពីគ្នា និងមិត្តភាពនៃប្រជាជនប្រទេសទាំងពីរដើម្បីធ្វើឱ្យការផ្លាស់ប្តូរនៃប្រទេសកម្ពុជា-ចិនឈានដល់ចំណុចខ្ពស់ថ្មី។

អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តជាំងស៉ី បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសចិន គឺជាមិត្តភក្តិល្អ ដៃគូល្អ ការផ្លាស់ប្ដូរមានច្រើនទម្រង់។ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ គឺជាកាលានុវត្ត ក្នុងការពង្រឹងការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ លើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងវិស័យផ្សេងៗទៀតថែមមួយកម្រិតទៀត។ លោកជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ស្ពាននៃមិត្តភាពកម្ពុជា-ចិន នឹងកាន់តែរឹងមាំ ហើយមិត្តភាពនៃប្រជាជនទាំងពីរ នឹងកាន់តែមានភាពជ្រាលជ្រៅ។

បើតាមលោក ឆិន ឆុន បានថ្លែងថា កម្មវិធីពិព័រណ៍គំនូរកម្ពុជា-ចិន អបអរ <<ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤>> គឺជាព្រឹត្តិការណ៍ដំបូង ដែលជាការតាំងបង្ហាញពិព័រណ៍គំនូរ ក្នុងឆ្នាំនេះ ដើម្បីបង្ហាញ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-ចិន។

លោកបានរំលឹកថា កាលពីខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីចិន ស៉ី ជិនពីង (XI Jinping) និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរួមគ្នាប្រកាសថា ឆ្នាំ២០២៤ ជា <<ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន>> នេះសបញ្ជាក់យ៉ាងពេញលេញពី ការយកចិត្តទុកដាក់កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំពោះការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន។ ក្នុងខែមករាឆ្នាំនេះ ពិធីបើកដំណើរការ <<ឆ្នាំនៃការផ្លាស់ប្តូរ>> ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅប្រាសាទបាយ័នខេត្តសៀមរាប។ កាលពីខែកុម្ភៈ ក៏បានរៀបចំកម្មវិធីអបអរ <<បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន>> នៅកោះពេជ្រ រាជធានីភ្នំពេញ។ កាលពីខែមីនា ក្នុងកម្មវិធីបុណ្យទន្លេកម្ពុជា បានរៀបចំស្តង់ពិព័រណ៍វប្បធម៌ និងម្ហូបអាហាររបស់ប្រទេសចិន ហើយទទួលបានការពេញនិយមយ៉ាងខ្លាំង។ ក្នុងខែមេសានេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដ៏អធិអធម បានក្លាយជាបង្អួចមួយសម្រាប់ប្រជាជនចិន បានយល់អំពីវប្បធម៌ខ្មែរ។

សម្រាប់លោកបណ្ឌិត ឆិន ស៊ាវលីន បានឱ្យដឹងថា ដើម្បីអបអរ <<ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤>> សាកលវិទ្យាល័យជីវជាំង នឹងយកការតាំងពិព័រណ៌គំនូរកម្ពុជា-ចិន ជាកាលានុវត្ត ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា រួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចម្រុះបន្ថែមទៀត និងជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិរវាងកម្ពុជា-ចិន លើវិស័យវប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀតដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនទាំងពីរ៕





































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...