តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងភរិយាអភិបាលខេត្ត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់អាហារជូនដល់កុមារកំព្រា នៅមណ្ឌលក្នុងខេត្តកំពង់ឆ្នាំង

Posted By: RoogRog Robot | 08-May-2024 16:09:21

2024-05-08 03:07pm

(កំពង់ឆ្នាំង)៖ លោកស្រី កែ ចាន់មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកស្រី ផាត សុផានី្ន ភរិយាលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ និងសប្បុរសជន បាននាំយកចំណីអាហារសម្ភារៈ មានភេសជ្ជៈ និងថវិកាផ្ដល់ជូនកុមារកំព្រា និងអាណាព្យាបាលកុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដែលមានចំនួនសរុប ២២នាក់ ក្នុងឱកាសទិវាកាកបាទក្រហមនិងអធិច័ន្ទក្រហមពិភពលោក។

លោកស្រី កែ ច័ន្ទមុន្នី ក្នុងឱកាសនោះបានថ្លែងទៅកាន់ក្មួយៗកុមារកំព្រាថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចតែងតែគិតគូរជានិច្ចដល់ក្មួយៗកុមារកំព្រាទាំងអស់នៅក្នុងប្រទេសទាំងជីវភាពរស់នៅ ទាំងការរៀនសូត្រដើម្បីធ្វើយ៉ាងណាឲ្យក្មួយៗមានអនាគតល្អនាថ្ងៃខាងមុខ។

ជាក់ស្ដែងនៅព្រឹកនេះក្រុមការងារថ្នាក់ខេត្តបានសហការគ្នានាំយកចំណីអាហារសម្ភារភេសជ្ជៈ និងថវិកាជូនដល់ក្មួយៗសម្រាប់ដោះស្រាយក្នុងជីវភាពរស់ នៅនិងសម្រាប់ដោះស្រាយការខ្វះខាតក្នុងការរៀនសូតរបស់ក្មួយៗ។

លោកស្រីអ្នកតំណាងរាស្ត្រ ក៏បានផ្ដាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់សូមយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងឲ្យបានល្អ សម្រាប់អនាគតរបស់ខ្លួន ជាមួយគ្នានេះដែរចំពោះការរស់នៅក្នុងមណ្ឌលត្រូវចេះសាមគ្គីគ្នាដូចជាបងប្អូន និងត្រូវយកចិត្តទុកដាក់ស្ដាប់នូវដំបូលមានរបស់លោកគ្រូអ្នកគ្រូពិសេសគឺដំបូន្មានរបស់នាយិកានៃមណ្ឌល ដើម្បីហាត់ពុតលត់ដំខ្លួនឲ្យក្លាយជាកុមារល្អសិស្សល្អ និងជាយុវជនល្អ ជាសសរទ្រូង និងជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិដើម្បីបន្តវេនពីរៀមច្បងយើងក្នុងការអភិវឌ្ឍកសាងសង្គមជាតិ ឱ្យទទួលបានសុខដុមរមនានិងបន្តថែរ ក្សានូវសុខសន្តិភាពដែលមានស្រាប់ដូចសព្វថ្ងៃនេះឲ្យបានគង់វង់រហូតតរៀងទៅ។

ក្នុងឱកាសនេះដែរ លោក-លោកស្រី និងអស់លោកជាសប្បុរសជន ក្នុងក្រុមការងារបានឧបត្ថម្ភថវិកាដល់កុមារកំព្រាចំនួន ១៨នាក់ និងនាយិកាគ្រប់គ្រងមណ្ឌល រួមទាំងអ្នកដាំស្ល ៤នាក់ សរុប២២ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៧ម៉ឺនរៀល បានឧបត្ថម្ភថវិកាដោយឡែក២០ម៉ឺនរៀលទៀត សម្រាប់ដោះស្រាយម្ហូបអាហារប្រចាំថ្ងៃ ព្រមទាំងបានឧបត្ថម្ភមីចំនួន ១០កេស, ភេសជ្ជៈចំនួន ២៣កេស ថែមទាំងបានរៀបចំនំបញ្ចុកសម្លការីជូនកុមារកំព្រាទាំងអស់ទទួលទានរួមគ្នាប្រកបដោយភាពសប្បាយរីករាយ និងឆ្ងាញ់ពិសារផងដែរ។

លោកស្រីនាយិកាមណ្ឌលកុមារកំព្រាខេត្ត និងក្មួយៗកុមារកំព្រាទាំងអស់ សូមថ្លែងអំណរគុណដល់លោក-លោកស្រីជាថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនទាំងអស់ដែលបានយកចិត្តទុកដាក់ផ្ដល់នូវអាហារ ភេសជ្ជៈ និងថវិការួមទាំងនំបញ្ចុកសម្លការីដល់ពួកគាត់ និងបានគោរពជូនពរដល់ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងសប្បុរស ជនទាំងអស់សូមជួបតែនឹងសេចក្តីសុខ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងសម្រេចបាននូវរាល់ភារកិច្ច៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...