ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប៖ ការបោះឆ្នោតនៅកម្ពុជា មិនដែលពន្យារពេលនោះទេ ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាបេះដូងពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ

Posted By: RoogRog Robot | 19-Apr-2024 18:17:30

2024-04-19 05:15pm

(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានលើកឡើងថា ចាប់តាំងពី គ.ជ.ប រៀបចំការបោះឆ្នោតដោយខ្លួនឯងពីឆ្នាំ១៩៩៨មក កម្ពុជាមិនដែលពន្យារពេលបោះឆ្នោតម្តងណាឡើយ ហើយការបោះឆ្នោតប្រព្រឹត្តទៅតាមការគ្រោងទុក ដែលនេះជាមោទនភាពរបស់ គ.ជ.ប កម្ពុជា ដែលជាលក្ខខណ្ឌមួយនៃការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាបេះដូងយ៉ាងពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ ដែលសហគមអន្តរជាតិចាត់ទុកថា ប្រជាធិបតេយ្យមានដំណើរការល្អ។

ការលើកឡើងបែបនេះរបស់ លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងក្នុងឱកាសលោកបានធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅប្រទេសម៉ាល់ឌីវ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ លោកបានសង្កេតឃើញផងដែរថាមានប្រទេសជាច្រើនតួយ៉ាងសេណេហ្គាល់ តូហ្គោ និងម៉ាល់ឌីវ បានពន្យារពេលបោះឆ្នោតដែលចំណុចនេះលោកសូមបញ្ជាក់ជូនថាអង្គការ អន្តរជាតិនៃប្រទេសនិយាយភាសាបារាំង OIF(Organisation Internationale de la Francophonie) ដែលបាននិង កំពុងរៀបចំរបាយកាណ៍ប្រចាំឆ្នាំ២០២៤ ក្នុងក្របខណ្ឌ RECEF គឺបណ្តាញលើកកំពស់សមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដែល គ.ជ.ប កម្ពុជា ជាសមាជិក បានសួរមកយើងថាតើមានការពន្យារពេល បោះឆ្នោតដែរឬទេ ឬការបោះឆ្នោតប្រព្រឹត្តទៅតាមការគ្រោងទុកនៅកម្ពុជា។

លោក ឌឹម សុវណ្ណារុំ បានលើកឡើងយ៉ាងដូច្នេះថា៖ <<ចំពោះចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូន ជាចម្លើយថា តាំងពី គ.ជ.ប រៀបចំការបោះឆ្នោតដោយខ្លួនឯងពីឆ្នាំ១៩៩៨មក យើងមិនដែលពន្យារពេលបោះឆ្នោត ម្តងណាឡើយ ហើយការបោះឆ្នោតប្រព្រឹត្តទៅតាមការគ្រោងទុក ដែលនេះជាមោទនភាពរបស់គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការបោះឆ្នោតយ៉ាងទៀងទាត់តាមការកំណត់ ហើយការបោះឆ្នោតទៀងទាត់ និងប្រក្រតី គឺជាលក្ខខណ្ឌមួយនៃការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាបេះដូងយ៉ាងពិត ប្រាកដនៃលទ្ធិប្រជាធិបតេយ្យ ដែលសហគមអន្តរជាតិចាត់ទុកថាប្រជាធិបតេយ្យមានដំណើរការល្អ>>។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា បេះដូងពិតប្រាកដ នៃលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ហើយការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលវាឆ្លើយតបទៅតាមការបោះឆ្នោតតាមការគ្រោងទុក គ្មានការពន្យារពេល ហើយសហគន៍អន្តរជាតិចាត់ទុកថា ជាប្រជាធិបតេយ្យមានដំណើរការល្អ។

សូមជម្រាបថា ការបោះឆ្នោតនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យកម្ពុជា រៀបចំការបោះឆ្នោតជាសកល ដោយសេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះបង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។

ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកល លើកដំបូង បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយបាននិមិត្តឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញមួយ ដែលត្រូវបានសភា អនុម័ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ប្រភេទ គឺទី១៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ទី២៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ទី៣៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី៤៖ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធ្លាប់បានរៀបចំឡើងជាបន្តបន្ទាប់រហូតមក។

ការបោះឆ្នោតត្រូវបានរៀបចំតាមបែបសកល និងអសកល។ សម្រាប់ការបោះឆ្នោតជាសកល អ្នកមានសិទ្ធិបោះឆ្នោត សំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងភេទ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយឡែកការបោះឆ្នោតអសកល អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ ការបោះឆ្នោតទាំងអស់សុទ្ធតែអនុញ្ញាតឱ្យគណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍៕









/div> News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...