មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចុះ MOU ជាមួយអង្គការ Vitallink Internationally បណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជាលើផ្នែកវះកាត់ផ្សាំសរីរាង្គ (ដូរក្រលៀន)

Posted By: RoogRog Robot | 02-May-2024 17:16:15

2024-05-02 04:13pm

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គការ Vitallink Internationally មកពីប្រទេសកូរ៉េ ដើម្បីបណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជាលើផ្នែកវះកាត់សរសៃឈាម ដើម្បីត្រៀមលក្ខណៈទៅថ្ងៃអនាគតធ្វើការវះកាត់ផ្សាំសរីរាង្គ ឬប្ដូរសរីរាង្គតម្រងនោម (ដូរក្រលៀន)។

ការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងលោកសាស្ដ្រាចារ្យ Min Sangil ប្រធាននាយកដ្ឋានផ្នែកវះកាត់ប្តូរសរីរាង្គ និងសរសៃឈាមនៃមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល (Counterpart of VITALLINK) ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២​ ខែឧសភា ឆ្នាំ២០២៤ នាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន​ Fresh News ថា <<ការចុះអនុស្សរណៈនៅថ្ងៃនេះ ក្នុងគោលបំណងបណ្ដុះបណ្ដាលដល់គ្រូពេទ្យយើងផ្នែកវះកាត់សរសៃឈាម ដើម្បីត្រៀមលក្ខណៈទៅថ្ងៃអនាគត យើងអាចធ្វើការវះកាត់ផ្សាំសរីរាង្គ ឬប្ដូរសរីរាង្គ តម្រងនោម ឬហៅថា ការដូរក្រលៀន>>។

លោកសាស្ដ្រាចារ្យបានបន្ដថា ការបណ្ដុះបណ្ដាលនេះ ភាគីកូរ៉េ បានអញ្ជើញមកបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យយើងផ្ទាល់ផង និងតាមរយៈបញ្ជូនក្រុមគ្រូពេទ្យយើង ទៅបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យនៃប្រទេសកូរ៉េផ្ទាល់ផងដែរ។

ជាជំហានបន្ទាប់ លោកសង្ឃឹមថានៅថ្ងៃអនាគតយើងនឹងអាចសហការជាមួយនឹងមន្ទីរពេទ្យផ្សេងទៀតនៅកម្ពុជា ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើយ៉ាងម៉េចឱ្យការផ្ដល់សេវាវះកាត់តម្រងនោម បានសម្រេចជោគជ័យនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

<<នៅកម្ពុជា ជំងឺខ្សោយតម្រងនោម ឬតម្រងនោមខូច គឺកាន់តែមានច្រើនឡើងៗ ដូច្នេះយើងត្រូវចាំបាច់តៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងម៉េចឱ្យការផ្ដល់សេវាប្ដូរសរីរាង្គវះកាត់ដូរតម្រងនោម ជូនប្រជាពលរដ្ឋយើងប្រកបដោយប្រសិទ្ធិភាព>>។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង។

នាយកមន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត បានគូសបញ្ជាក់ថា បញ្ហាតម្រងនេះ គឺកើតឡើងគ្រប់វ័យទាំងអស់ ប៉ុន្ដែភាគច្រើនគឺចាប់ពីវ័យ ៤០-៦០ឆ្នាំ ពិសេសលើអ្នកដែលមានជំងឺលើសឈាម និងទឹកនោមផ្អែម ដែលងាយនឹងរងផលប៉ះពាល់ខ្ពស់ជាងគេ។

លោកសាស្ដ្រាចារ្យបន្ដថា កត្ដាដែលជំរុញឱ្យមានជំងឺនេះ មួយផ្នែកគឺបង្កឡើងពីការបរិភោគប្រចាំថ្ងៃរបស់យើងផងដែរ ។ដូច្នេះក្នុងនាមក្រុមគ្រូពេទ្យ សូមឱ្យប្រជាពលរដ្ឋយើងថែរក្សាសុខភាព បរិភោគ អំបិលតិច ស្ករតិច ខ្លាញ់តិច ដែលជាចំណុចសំខាន់បំផុត ដើម្បីថែរក្សាសរីរាង្គរបស់យើង ជាពិសេសតម្រងនោមឱ្យល្អយូរអង្វែង។

ទន្ទឹមនឹងនោះលោកនាយកមន្ទីរពេទ្យមិត្ដភាព-សូវៀត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនំាទាំងអស់ ដែលបានជួយគាំទ្រ ដើម្បីធ្វើយ៉ាងម៉េចឱ្យការផ្ដល់សេវាលើផ្នែកនេះបានទទួលជោគជ័យ។ ជាមួយគ្នានោះលោកសាស្ដ្រាចារ្យ ងី ម៉េង ក្នុងនាមជានាយកមន្ទីរពេទ្យ និងតំណាងឱ្យថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងប្ដេជ្ញាចិត្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចឱ្យការបណ្ដុះបណ្ដាលផ្នែកវះកាត់ប្ដូរសរីរាង្គខាងលើនេះ ឱ្យកាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពជូនដល់ប្រជាជនយើង៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...