(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប មានកម្មវិធី <<បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៥-២០២៦>> និងបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៤-២០២៥ ស្ថិតក្នុងអធិបតីភាពរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងវត្តមានរបស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គណៈអភិបាលខេត្ត អង្គការ សមាគមពាក់ព័ន្ធ និងសិក្ខាកាម ផងដែរ។
តាមរបាយការណ៍របស់លោក ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ថ្លែងក្នុងឱកាស <<ចែកវិញ្ញាបនបត្រ ជូនសិស្សានុសិស្សឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា ២០២៥-២០២៦ បានឲ្យដឹងថា៖ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានបើកដំណើរការ នៅតាមខេត្តចំនួន ៦, ទីតាំងចំនួន ១១, មានថ្នាក់រៀនចំនួន ១៣, ជំនាញចំនួន ៨ និងមានសិស្សចំនួន ១៨៥នាក់ (ស្រី៨៦នាក់)។ រយៈពេលសិក្សាមានចំនួន១២ខែ។ ថ្នាក់រៀនទាំង១៣ បានបែងចែកជាពីរវេន គឺវេនរៀនថ្ងៃសៅរ៍និងអាទិត្យ និងវេនរៀនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំពោះ ថ្នាក់រៀនថ្ងៃសៅរ៍និងអាទិត្យ មានចំនួនសិស្សចំនួន១១២នាក់ បែងចែកជា៨ថ្នាក់ នៅទីតាំងចំនួន ៦ដូចជាខេត្តកណ្តាល កំពង់ឆ្នាំង សៀមរាប និងរតនៈគីរី។
លោកបានឲ្យដឹងទៀតថា៖ ក្នុងនោះមានជំនាញចំនួន ៤ រួមមាន៖ ខ្មុកស្មាច់ ស្នូនឆ្នាំង ចម្លាក់ថ្ម និងចម្លាក់ស្បែក។ រីឯថ្នាក់រៀនថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន ៥ថ្នាក់ និងមានសិស្សចំនួន ៧៣ នាក់ នៅទីតាំងចំនួន ៥ នៃខេត្តចំនួន ៤ ដូចជា ខេត្តកណ្តាល តាកែវ កំពង់ចាម និងសៀមរាប ក្នុងនោះមាន ជំនាញចំនួន ៤ ដូចជា៖ ចម្លាក់ប្រាក់/ស្ពាន់ តម្បាញសូត្រ តម្បាញក្រមាត្រុំ និងចម្លាក់ស្មិត។ ក្រោយពីវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ បានបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៥ ក្រុមការងារលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានចុះវាយតម្លៃថ្នាក់ជំនាញដូនតាទៅតាមថ្នាក់រៀនទាំង១៣ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងគោលបំណងនៃការវាយតម្លៃ គឺដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្សជំនាញវិជ្ជាជីវៈដូនតា ដែលបានបញ្ចប់ការសិក្សាក្នុងរយៈពេល១ឆ្នាំកន្លងមក។
ចំពោះការប្រឡងបែងចែកជាបីដំណាក់កាល៖ ១. វិញ្ញសារសរសេរឬទ្រឹស្តី ២. ការបង្ហាញស្នាដៃសម្រេចរបស់សិស្ស ៣.និងការអនុវត្តភ្លាមៗជូនគណកម្មការពិនិត្យ។ ហើយសិស្សប្រឡងជាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា មានចំនួន ១០០នាក់ សិស្សធ្លាក់មានចំនួន១១នាក់ (សិស្សចំនួន១១នាក់ដែលធ្លាក់ អវត្តមានក្នុងថ្ងៃប្រឡង)។ សិស្សដែលបានបញ្ចប់វគ្គសិក្សាជំនាញដូនតា ដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាគ្រប់ៗគ្នា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ នាឱកាសនោះ ថ្លែងអំណរគុណផងដែរ ចំពោះការចូលរួម និងការបន្តសហការគាំទ្រពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណៈអភិបាលខេត្ត អង្គការ សមាគមពាក់ព័ន្ធទាំងអស់ ដែលជំរុញឱ្យវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំ២០២៤-២០២៥ ឈានមកដល់កម្រិតជោគជ័យនាពេលនេះ ដើម្បីទទួលបាននូវអាជីព មុខរបរ និងការចាប់ផ្តើមកសាងស្វ័យភាពចំណូល ដើម្បីអនាគតខ្លួនឯងនិងក្រុមគ្រួសារ។
លោកជំទាវ បានបន្តមានប្រសាសន៍ថា៖ យោងទៅលើអាទិភាព និងភាពចាំបាច់ នៃកិច្ចការអភិរក្សជំនាញគ្រប់ប្រភេទ បន្សល់ទុកដោយដូនតាយើង និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ <<កម្មវិធីជាតិជំនួយផ្នែកសង្គម>> ខ្ញុំផ្ទាល់បានគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាណត្តិទី៦ នៃរដ្ឋសភា ហើយទទួលបានគោលការណ៍គាំទ្រដ៏ខ្ពង់ខ្ពស់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួនចន្លោះពី៣ទៅ៦ម៉ឺននាក់ សម្រាប់រយៈពេល៤ឆ្នាំ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តអនុវត្តគោលនយោបាយនេះ ដោយបានដាក់ចេញនូវផែនការសកម្មភាពអាទិភាពទាំង៦ ដែលក្នុងនោះ ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក៏ត្រូវបានផ្តល់អាទិភាព រីឯគ្រប់សិក្ខាកាមទាំងអស់ ក៏ត្រូវបានផ្តល់នូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែ សម្រាប់រយៈពេលបណ្តុះបណ្តាលទាំងមូល។
ការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយផ្នែកសង្គម គឺជាឆន្ទៈនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងការធានានូវនិរន្តរភាពផ្នែកចំណូល តាមរយៈការពង្រឹងអាជីព មុខរបរ របស់ប្រជាជនទាំងអស់។ កម្មវិធីបណ្តុះបណ្តាលជំនាញដូនតា គឺជាការធ្វើឲ្យរស់រវើកឡើងវិញនៃព្រលឹងជាតិដែលជាមរតកនៃបុព្វបុរសខ្មែរ បំផុសនូវអត្តសញ្ញាណជាតិ ហើយបង្ហាញផ្លូវទៅមុខសម្រាប់យុវជនជំនាន់ក្រោយ។
ជាការពិត សម្បតិ្តវប្បធម៌របស់ប្រជាជាតិណាក៏ដោយបើទោះជាសម្បូណ៌បែបណាក្តី ក៏មិនអាចបន្តរីកលូតលាស់បានដោយពុំមានធនធានមនុស្សដែលមានសមត្ថភាព មនុស្សដែលសិក្សា ថែរក្សា ការពារ និងបន្តវេននោះឡើយ។ ដូច្នេះហើយ ការបណ្តុះបណ្តាលជំនាញដូនតាមិនមែនជារឿងដែលធ្វើដើម្បីលម្អ ឬគ្រាន់តែបង្ហាញប៉ុណ្ណោះទេ តែគឺជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់រាជរដ្ឋាភិបាលដែលធានាការពារផងនូវចំណេះដឹងជាអមតៈរបស់ដូនតា និងជាការបើកផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់យុវវ័យក្មេងៗរបស់យើងឲ្យមានឱកាសនិងមោទនភាពក្នុងវិស័យវប្បធម៌ ទេសចរណ៍ ច្នៃប្រឌិត និងការសិក្សាស្រាវជ្រាវ។
កិច្ចសហការនៃការបណ្តុះបណ្តាលរវាងវិស័យរដ្ឋ ឯកជន, សាលារៀន, សហគមន៍, អង្គការក្រៅរដ្ឋាភិបាល គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីធានាភាពរឹងមាំនៃការបណ្តុះបណ្តាលនេះ។ ការបន្តមរតកដូនតា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ គឺជាការបន្តព្រលឹងនៃបុព្វបុរសជាតិយើង។ ការវិនិយោគលើវិស័យបណ្តុះបណ្តាលជំនាញដូនតានេះ គឺជាការវិនិយោគមោទនភាពរបស់ជាតិ និងវប្បធម៌ដ៏រុងរឿងនៃចក្រភពខ្មែរ នៅក្នុងស្មារតីទទួលខុសត្រូវនៃយុវជនជំនាន់ក្រោយ និងជាអធិបតេយ្យវប្បធម៌របស់ជាតិយើង។
លោកជំទាវ បានគូសបញ្ជាក់ថា៖ ឆ្នាំទី១ នៃវគ្គបណ្តុះបណ្តាល ក៏ជាបទពិសោធន៍ដំបូងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយភាពជោគជ័យ និងភាពរអាក់រអួលនៃវគ្គបណ្តុះបណ្តាលកន្លងមក គឺជាពន្លឺដ៏ល្អសម្រាប់បន្តពង្រឹងវគ្គបណ្តុះបណ្តាលជាបន្តរបស់យើង។ កន្លងមក បទពិសោធន៍បង្ហាញថា ការរៀបចំកម្មវិធីបណ្តុះបណ្តាល ការជ្រើសរើសគ្រូជំនាញ និងការជ្រើសរើសសិក្ខាកាម គឺជាឧបសគ្គដែលបណ្តាលឱ្យវគ្គបណ្តុះបណ្តាលរបស់យើងប្រព្រឹត្តទៅមិនបានរលូនដូចការគ្រោងទុក និងមានភាពយឺតយ៉ាវមួយចំនួន។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានក្រុមមន្ត្រីជំនាញ របស់អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ជាសេនាធិការ បានដាក់ចេញនូវវិធីសាស្ត្រថ្មីៗ ដើម្បីធានាភាពរលូននៃវគ្គបណ្តុះបណ្តាល ព្រមទាំងបន្តពិនិត្យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបើកទូលាយឱ្យមានការចូលរួមរបស់យុវជនកាន់តែច្រើនជាងមុន តាមរយៈការផ្សព្វផ្សាយអំពីអំជំនាញនីមួយៗទៅដល់មូលដ្ឋានផ្ទាល់ និងយន្តការនៃជួយសិស្សឲ្យទទួលបណ្ណ័ក្រីក្របានឆាប់រហ័ស។ ខ្ញុំពិតជាមានជំនឿថា ចាប់ពីឆ្នាំ២០២៥ នេះតទៅ វគ្គបណ្តុះបណ្តាលរបស់យើងនឹងកាន់តែជោគជ័យ វិជ្ជាជីវៈដូនតាត្រូវបានអភិរក្ស រីឯការចូលរួមរបស់យុវជនកាន់តែផុលផុស។
ឆ្លៀតឱកាសនៃពិធីនាថ្ងៃនេះ លោកជំទាវ បានរំឭកដល់សិក្ខាកាមគ្រប់រូបថា ការទទួលបានជំនាញគឺជាឱកាសដ៏ល្អមួយក្នុងជីវិត ដើម្បីចាប់ផ្តើមអាជីពនិងមុខរបរ។ សិក្ខាកាមទាំងអស់ គប្បីបន្តប្រឹងប្រែងទាញប្រយោជន៍ពីជំនាញនេះ ហើយគួរតែពិចារណាបន្តកសាងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីជាជំរើសសម្រាប់ខ្លួនឯងផង និងតម្រូវទៅតាមស្ថានភាពតម្រូវការទីផ្សារផង។ ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញនៃវគ្គបណ្តុះបណ្តាល ត្រូវបន្តរក្សាទំនាក់ទំនងជាប់ជាប្រចាំជាមួយសិក្ខាកាមដែលបានបណ្តុះបណ្តាលទាំងអស់ដើម្បីបន្តជួយគាំទ្រទៅដល់សកម្មភាពកសាងមុខរបរអាជីវកម្ម តាមទម្រង់ផ្សេងៗ ដែលអាចជាការចងក្រងជាក្រុម ជាបណ្តាញ ការកសាងម៉ាកសញ្ញា និងការជួយស្វែងរកទីផ្សារជាដើម។ នេះជាអ្វីដែលខ្ញុំចាត់ទុកថាជាបញ្ហាប្រឈម បន្ទាប់ពីវគ្គបណ្តុះបណ្តាល ហើយដែលខ្ញុំរួមជាមួយក្រុមមន្ត្រីជំនាញ បាននិងកំពុងបន្តគិតគូរ បង្កើតគំរូជោគជ័យសំដៅធានាថា សិក្ខាកាមបញ្ចប់វគ្គ ពិតជាអាចមានលទ្ធភាពបង្កើតមុខរបរ និងចំណូលនាពេលអនាគត ហើយមិនបោះបង់ជំនាញដែលទទួលបាន។
ជាកិច្ចបញ្ចប់នៃកម្មវិធី លោកជំទាវ បានមានប្រសាសន៍៖ ថ្លែងអំណរគុណផងដែរ ចំពោះមន្ត្រីនិងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាជាតិគាំពារសង្គម មូលនិធិជំនួយសង្គម ក្រសួងផែនការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរដែនដីទាំងអស់ដែលបានចូលរួមសហការ គាំទ្រដល់កម្មវិធីបណ្តុះបណ្តាល និងសូមចាត់ទុកថា ជាការចូលរួមដល់កិច្ចការអភិរក្សមរតកដូនតា និងការកសាងអនាគតរបស់យុវជនយើង។ ហើយសូមថ្លែងអំណរគុណ និងសូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តចូលរួមផ្ទេរចំណេះដឹង ចំណេះធ្វើដល់យុវជនរបស់យើង ដើម្បីវប្បធម៌ជាតិ និងដើម្បីជីវភាពរឹងម៉ាំ៕