(ប៉េកាំង)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានយល់ដឹង ពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីចំពោះប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក យល់ដឹងពីសារៈសំខាន់នៃនិរន្តរភាព ភាពយូរអង្វែង និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។ អាស្រ័យលើការពិភាក្សាទ្វេភាគីនាពេលថ្មីៗនេះ ភាគីទាំងពីរនឹងបន្តជំរុញការងារពាក់ព័ន្ធ ក្នុងស្មារតីបើកចំហទៅវិញទៅមក ធ្វើការប្រាស្រ័យទាក់ទង និងធ្វើកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងគោរពគ្នាទៅវិញទៅមក។
ភាគីទាំងពីរសន្យាថានឹងចាត់វិធានការដូចខាងក្រោម នៅមុនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥៖សហរដ្ឋអាមេរិកនឹង៖ ទី១ កែសម្រួលការដាក់ពន្ធគយបន្ថែមលើទំនិញរបស់ចិន (រួមទាំងទំនិញពីតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ) ដែលត្រូវបានកំណត់ក្នុងបទបញ្ជាប្រតិបត្តិលេខ ១៤២៥៧ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ដោយផ្អាកការអនុវត្តពន្ធគយចំនួន ២៤% ក្នុងរយៈពេល ៩០ថ្ងៃដំបូង ព្រមនិងរក្សាទុកការកំណត់នៃបទបញ្ជាប្រតិបត្តិ ដែលបន្ថែមពន្ធចំនួន ១០% ដែលនៅសេសសល់ទៅលើទំនិញពាក់ព័ន្ធ។ ទី ២ លុបចោលការយកពន្ធបន្ថែមលើទំនិញពាក់ព័ន្ធ ដែលត្រូវបានកំណត់ក្នុងបទបញ្ជាប្រតិបត្តិលេខ ១៤២៥៩ ចុះថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ និងបទបញ្ជាប្រតិបត្តិលេខ ១៤២៦៦ ចុះថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥។
ប្រទេសចិននឹង៖ ទី ១ កែសម្រួលពន្ធគយបន្ថែមដែលគណនាតាមមូលដ្ឋាន នៃតម្លៃគិតពន្ធគយទៅលើទំនិញរបស់សហរដ្ឋអាមេរិក ដែលបានកំណត់ក្នុងបទប្បញ្ញត្តិលេខ ៤ ឆ្នាំ២០២៥ នៃសេចក្តីប្រកាសរបស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយផ្អាកការអនុវត្តពន្ធគយចំនួន ២៤% ក្នុងរយៈពេល ៩០ថ្ងៃដំបូង ព្រមនិងរក្សាទុកការបន្ថែមពន្ធចំនួន ១០% ដែលនៅសេសសល់ទៅលើទំនិញពាក់ព័ន្ធ ព្រមនិងលុបចោលការយកពន្ធបន្ថែមលើទំនិញទាំងនេះ ដែលបានកំណត់ ក្នុងបទប្បញ្ញត្តិលេខ ៥ និងលេខ ៦ ឆ្នាំ ២០២៥ នៃសេចក្តីប្រកាសរបស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។ ទី ២ ចាត់វិធានការដ៏ចាំបាច់ ដើម្បីផ្អាក ឬលុបចោលវិធានការតបតមិនមែនពន្ធគយ ដែលសំដៅទៅលើសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥៕
វិទ្យុមិត្តភាពកម្ពុជាចិន