(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា បានចុះហត្ថលេខាលើ <<កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ>> ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោក ត្រាំ នៅពេលលោកអញ្ជើញដល់អារ៉ាប៊ីសាអូឌីត។ ក្រោយមក ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ដែលទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតរាយការណ៍ថាគ្របដណ្ដប់លើវិស័យថាមពល ការពារជាតិ ការរុករករ៉ែ និងវិស័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ សេតវិមានបានបង្ហាញថា អារ៉ាប៊ីសាអូឌីតមានផែនការវិនិយោគទឹកប្រាក់ ៦០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានកិច្ចព្រមព្រៀងលក់អាវុធដ៏ធំមួយមានតម្លៃជិត ១៤២ ពាន់លានដុល្លារ។
ក្នុងជំនួបជាមួយព្រះអង្គម្ចាស់រាជទាយាទនៅទីក្រុងរីយ៉ាដ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា <<ខ្ញុំពិតជាជឿជាក់ថា យើងចូលចិត្តគ្នាទៅវិញទៅមកណាស់>>។ កាសែត Wall Street Journal បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយនៅព្រះបរមរាជវាំង លោក ត្រាំ បានហៅព្រះអង្គម្ចាស់រាជទាយាទថាជា <<មិត្ត>> ហើយបានបញ្ជាក់ថា ពួកគេមានទំនាក់ទំនងល្អ។ លោក ត្រាំ ក៏បានរំលឹកពីដំណើរទស្សនកិច្ចឆ្នាំ ២០១៧ របស់លោក និងបានលើកឡើងថា ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងជួយបង្កើតការងារនៅអាមេរិក។ លោកថែមទាំងបាននិយាយបែបលេងសើចថា ការសន្យាវិនិយោគ ៦០០ពាន់លានដុល្លារ អាចនឹងឡើងដល់ ១ពាន់ពាន់លានដុល្លារ។
លោក ត្រាំ ដែលត្រូវបានអមដំណើរដោយមេដឹកនាំធុរកិច្ចអាមេរិកជាច្រើនរូប រួមទាំងមហាសេដ្ឋី Elon Musk នឹងបន្តដំណើរពីទីក្រុងរីយ៉ាដ ទៅកាន់ប្រទេសកាតានៅថ្ងៃពុធ និងអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ផ្តោតសំខាន់លើការវិនិយោគ ជាជាងបញ្ហាសន្តិសុខក្នុងតំបន់ ហើយការមិនចូលទស្សនកិច្ចនៅអ៊ីស្រាអែលបានបង្កចម្ងល់ពីអាទិភាពរបស់អាមេរិក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងការពារជាតិ៕