(តៃប៉ិ)៖ កោះតៃវ៉ាន់ បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវប្រព័ន្ធមីស៊ីល HIMARS ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១២ ខែឧសភា ដែលជាប្រព័ន្ធអាវុធមួយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែន ហើយអាចត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសចិនដីគោក ក្នុងករណីមានសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តៃវ៉ាន់បានបញ្ជាទិញប្រព័ន្ធមីស៊ីល HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិកចំនួន ២៩គ្រឿង ដោយ ១១គ្រឿងបានទទួលកាលពីឆ្នាំមុន ហើយនៅសល់នឹងមកដល់នៅឆ្នាំក្រោយ។ ប្រព័ន្ធនេះអាចបាញ់គោលដៅមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ដែលអាចវាយប្រហារគោលដៅនៅតាមឆ្នេរសមុទ្រនៃខេត្ត Fujian របស់ចិន។ ការបាញ់សាកល្បងនេះ ធ្វើឡើងដោយក្រុមយោធាតៃវ៉ាន់ដែលហ្វឹកហាត់ដោយអាមេរិក នៅមជ្ឈមណ្ឌលសាកល្បង Jiupeng។
មន្ត្រីយោធាតៃវ៉ាន់ លោក Ho Hsiang-yih បានប្រាប់អ្នកសារព័ត៌មានថា បុគ្គលិកអាមេរិកពីក្រុមហ៊ុនផលិត ក៏មានវត្តមានដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែរ។សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ទោះបីគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ខណៈតៃវ៉ាន់កំពុងប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងពីចិន។
គួរបញ្ជាក់ថា ប្រព័ន្ធ HIMARS ក៏ជាអាវុធវាយប្រហារដ៏សំខាន់មួយរបស់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយប្រទេសអូស្ត្រាលីក៏ទើបតែបានទទួលប្រព័ន្ធនេះផងដែរ។ ការសាកល្បងរបស់តៃវ៉ាន់នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីតៃវ៉ាន់បានរាយការណ៍ពី <<ការល្បាតត្រៀមប្រយុទ្ធរួមគ្នា>> មួយផ្សេងទៀតដោយយោធាចិននៅក្បែរកោះនេះ៕