ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាង ៦ចំណុច

Posted By: RoogRog Robot | 03-Jul-2025 19:59:22

2025-07-03 07:57pm

(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មានរបៀបវរៈសំខាន់ៗ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖

១៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ២០២៥ និង ទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាល។ ៤៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៥៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសម្រេច ស្តីពីការកែសម្រួលសមាសសភាព នៃសេចក្តីសម្រេច លេខ ០៨៨/២៤ សសរ ចុះថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៤ ស្តីពីការបែងចែកភារកិច្ច សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីទំនាក់ទំនងការងារជាមួយក្រុមប្រឹក្សាក្រុង ស្រុក និង ឃុំ សង្កាត់ ៦៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦_២០២៧ និងគម្រោងថវិកា ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្ត។

បន្ទាប់ពីស្តាប់របាយការណ៍របស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធរួចមក លោក ឈាង ឡាក់ វាយតម្លៃចំពោះការខិតខំប្រឹងប្រែង បំពេញការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះការងារធ្វើបានល្អ អាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាធ្វើការដោះស្រាយ និងអភិវឌ្ឍខេត្តស្ទឹងត្រែង ឱ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ ជាប្រចាំនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះលោកប្រធានក្រុមប្រឹក្សាខេត្ត ជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ ត្រូវបន្តដោះស្រាយបញ្ហា ដែលកើតក្នុងមូលដ្ឋានរបស់ខ្លួន ដែលនៅសេសសល់ ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានការទុកចិត្តមករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ខេត្ត និង ធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ពីអាជ្ញាធរឲ្យខ្លួន តាមមូលដ្ឋានផងដែរ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...