(កំពង់ចាម)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បាអញ្ជេីញជាគណៈធិបតីក្នុងសិក្ខាសាលាចុងក្រោយស្តីពីការពិគ្រោះយោបល់លេីការផ្លាស់ប្តូរឆ្នាំគោលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ជាតិពីឆ្នាំ២០០៦ ទៅឆ្នាំ២០១៩ និងបណ្តុះបណ្តាលបច្ចេកទេសក្នុងការប្រើប្រាស់ថេប្លេត (CAPI) ក្នុងការប្រមូលថ្លៃទំនិញទីផ្សារដែលមានការចូលរួមពីមន្រ្តីបច្ចេកទេស នៃមន្ទីរផែនការទាំង ២៥រាជធានី ខេត្ត ចំនួន៧១នាក់។
នាឱកាសនោះដែរ លោក រិន វីរៈ បានលេីកពីសារៈសំខាន់នៃស្ថិតិថ្លៃ និងអតិផរណា ដែលទិន្នន័យសន្ទស្សន៍ថ្លៃនេះមានសារៈសំខាន់ណាស់ក្នុងការរៀបចំគោលនយោបាយ តាមដានស្ថេរភាពថ្លៃ ទាំងថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត។
លោកបានបន្ថែមថា ក្រៅពីនេះស្ថិតិសន្ទស្សន៍ថ្លៃត្រូវបានប្រើប្រាស់ក្នុងគោលបំណងរៀបចំកិច្ចសន្យាសាអាជីវកម្ម តម្លើងប្រាក់បៀវត្ស និងកិច្ចការផ្សេងៗក្នុងធុរកិច្ច ដែលចាំបាច់មន្រ្តីស្ថិតិត្រូវយកចិត្តទុកដាក់ការងារ និងពង្រឹងគុណភាពប្រមូលថ្លៃទីផ្សារ រាជធានី ខេត្តដែលគ្រោងនឹងធ្វេីការផ្សព្វផ្សាយឆ្នាំគោលថ្មី ២០១៩ ជាផ្លូវការនាពេលខាងមុខដ៏ខ្លី៕