អ្នកនាំពាក្យក្រសួងការពារជាតិ បំភ្លឺការពិតជុំវិញឧបទ្ទវហេតុ នៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា

Posted By: RoogRog Robot | 03-Jul-2025 16:32:22

2025-07-03 04:27pm

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺការពិតជុំវិញឧបទ្ទវហេតុ នៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ត្រង់ចំណុចនេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចោទជាសំណួរថា ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទតាមាន់ធំ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា កម្ពុជា សូមធ្វើការគូសបញ្ជាក់ថា ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំ ត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំ ត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃ ចំនួនរហូតដល់ ១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា បានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេ គឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏អំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា សូមក្រើនរម្លឹកជាថ្មីម្តងទៀតឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...