ការរុះរើគណៈរដ្ឋមន្រ្តីថៃចូលជាធរមាន ក្រោយស្បថចូលកាន់តំណែងជាផ្លូវការ ខណៈលោក Phumtham Wachayachai ត្រូវតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី

Posted By: RoogRog Robot | 03-Jul-2025 15:29:41

2025-07-03 03:27pm

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ការរុះរើគណៈរដ្ឋមន្រ្តីនៃប្រទេសថៃ បានចូលជាធរមាន បន្ទាប់ពីបានស្បថចូលកាន់តំណែងជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីសរុប១៤នាក់ បានស្បថចូលកាន់តំណែងថ្មី នៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នាថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះរួមមានទាំងលោកស្រី Paetongtarn Shinawatra ដែលកាលពីថ្ងៃអង្គារត្រូវបានតុលាការធម្មនុញ្ញ ព្យួរតំណែងនាយករដ្ឋមន្រ្តីជាបណ្តោះអាសន្ន ហើយនាពេលនេះ បានចូលកាន់តំណែងជារដ្ឋមន្រ្តីវប្បធម៌។ មុនត្រូវតុលាការព្យួរតំណែង លោកស្រី Paetongtarn បានតែងតាំងតំណែងបន្ថែមឱ្យខ្លួនឯង ជារដ្ឋមន្រ្តីវប្បធម៌ នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី។ បន្ទាប់ពីព្យូរតំណែងលោកស្រី Paetongtarn តុលាការធម្មនុញ្ញាថៃ ក្នុងពេលប៉ុន្មានខែខាងមុខ ឬលឿនជាងនេះ នឹងត្រូវចេញសេចក្តីសម្រេចថា តើគួរប្រគល់តំណែងនាយករដ្ឋមន្រ្តី ឱ្យទៅលោកស្រីវិញ ឬក៏ដកតំណែងលោកស្រីជាផ្លូវការតែម្តង។

រីឯលោក Phumtham Wachayachai វ័យ៧១ឆ្នាំ ដែលត្រូវបានផ្លាស់ពីតួនាទីជារដ្ឋមន្រ្តីការពារជាតិ មកជារដ្ឋមន្រ្តីមហាផ្ទៃវិញនោះ នឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី ជំនួសរដ្ឋមន្រ្តីដឹកជញ្ជូន លោក Suriya Jungrungreangkit ដែលបានក្លាយជាមេដឹកនាំស្តីទី កាលពីថ្ងៃអង្គារ។ ដោយឡែក នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីនេះ តំណែងរដ្ឋមន្រ្តីការពារជាតិថៃ គឺត្រូវបានទុកនៅទំនេរ ដោយឱ្យអនុរដ្ឋមន្រ្តីការពារជាតិ កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិស្តីទី។

គួរបញ្ជាក់ថា ការសម្រេចចិត្តព្យួរតំណែងលោកស្រី Paetongtarn ដោយតុលាការធម្មនុញ្ញថៃ ធ្វើឡើងស្របពេលតុលាការ សម្រេចទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភាថៃ៣៦រូប ដែលបានចោទប្រកាន់លោកស្រីថា គ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...