(ព្រៃវែង)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ទាំងអស់នៅកម្ពុជា អាចបង្វែរទៅទិញប្រេងឥន្ធនៈ នៅតាមបណ្ដាប្រទេសផ្សេងបាន ក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរស្លាកយីហោនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោ គូសបញ្ជាក់ថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT អាចទៅទិញប្រេងពីប្រទេសវៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរី យកមកប្រើប្រាស់បាន ដោយលើកលែងតែយកពីថៃប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា <<ក្រុមហ៊ុន PTT ជាក្រុមហ៊ុនប្រេងរដ្ឋ របស់ថៃ ចឹង PTT នៀកទៅទិញប្រេងពី វៀតណាម ពីសាំងហ្គាពួរ ពីម៉ាឡេ យកមកចាក់ទៅ ស្ថានីយប្រេងរបស់ខ្លួន បាច់ចាំដូរឈ្មោះទេ នៅហ្នឹងទៅ ប៉ុន្តែកុំតែទៅទិញប្រេងពីប្រទេសថៃមកបានហើយ>>។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន អះអាងថា <<ខាងនោះអ្នកលេង ប៉ុន្តែខាងនេះអ្នកមែន ខាងនោះបានតែគម្រាម ខាងណេះធ្វើមែន>> ហើយយុទ្ធសាស្ត្រដែលកម្ពុជាគួរចៀសវាង ទុកជាមុនមាន៤ចំណុចគឺ ការផ្គត់ផ្គង់អគ្គីសនីដោយខ្លួនឯង ការផ្គត់ផ្គង់អ៊ិនធើណេត និងប្រេងឥន្ធនៈជាដើម ដើម្បីចៀសវាងការគម្រាមកំហែងពីថៃ ពោលគឺដូចជាពេលបច្ចុប្បន្ន បើទោះបីជាថៃគម្រាម ប៉ុន្តែកម្ពុជាបានបញ្ឈប់មុនដោយមិនខ្លាចការគម្រាមពីថៃនោះទេ កម្ពុជារឺងមាំគ្រប់គ្រាន់ដែលអាចផ្គត់ផ្គង់បានដោយខ្លួនឯង។
ទោះជាយ៉ាងណាក្ដី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នៅតែចង់បានទំនាក់ទំនងល្អ មិត្តភាពជិតខាងល្អ ជាមួយប្រទេសថៃ ប៉ុន្តែករណីខាងលើគឺជា ការឆ្លើយតបទៅកាន់ភាគីថៃ ដែលបន្តបង្កការគម្រាមកំហែង និងបិទព្រំដែនដោយឯកតោភាគីមកកាន់កម្ពុជា។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅពេលច្រកទ្វារព្រំដែនបើកដំណើរការឡើងវិញ ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា ទើបកម្ពុជាផ្ដើមចរចាលើបញ្ហាផ្សេងៗ។
សូមជម្រាបថា ភាពតានតឹងរវាងកម្ពុជា-ថៃ បានកើតឡើងក្រោយទាហ៊ានថៃឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជាម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ។ ជុំវិញបញ្ហានេះ ថៃបែរជាបិទច្រកព្រំដែនដោយឯកតោភាគី និងបន្តការគម្រាមកំហែងមកកាន់កម្ពុជា ដោយគម្រាមមិននាំចូលអគ្គីសនី អ៊ិនធើណេត ឧស្ម័ន ប្រេងឥន្ធនៈ ក៏ដូចជាប្រមាថពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ជាពិសេសបានប្រមាថមកកាន់តួរអង្គសម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាអស់ភាពអត់ធ្មត់ជាមួយភាគីថៃ។ ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ និងស្របតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕