ឥណ្ឌូណេស៉ីនិងកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Posted By: RoogRog Robot | 22-May-2025 11:35:27

2025-05-22 10:29am

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូនេស៉ី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ទស្សនៈនេះត្រូវបានលើកឡើងបន្ទាប់ពីកិច្ចប្រជុំរវាងគណៈប្រតិភូមន្ត្រីអនុវត្តច្បាប់ឥណ្ឌូនេស៊ី និងភាគីកម្ពុជា។

គណៈប្រតិភូដែលមានសមាជិកចំនួន ៤០ រូបកំពុងបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលមន្ត្រី នគរបាលជាន់ខ្ពស់របស់ខ្លួន។ កម្មវិធីនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលជាន់ដែល អនាគតនឹងក្លាយជាថ្នាក់ដឹកនាំនៃទីភ្នាក់ងារអនុវត្តច្បាប់ជាមួយនឹងទស្សនវិស័យជាសកលលើការទប់ស្កាត់ឧក្រិដ្ឋកម្ម ការងារនគរបាល និងការការពារពលរដ្ឋឥណ្ឌូនេស៊ីនៅក្រៅប្រទេស។

កាលពីថ្ងៃអង្គារ គណៈប្រតិភូបានមានជំជួបដាច់ដោយឡែកពីគ្នាជាមួយភាគីសំខាន់ៗ គឺអគ្គស្នងការនគរបាលជាតិកម្ពុជា (CNP) គណៈកម្មាធិការជាតិប្រឆាំងការជួញដូរ (NCCT) និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD)។

ក្នុងជំនួបជាមួយ អគ្កស្នងការនគរបាលជាតិកម្ពុជា បានធ្វើការពិភាក្សាលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមអ៉ីនធឺណិត បទល្មើសទាក់ទងនឹងបច្ចេកវិទ្យា ការជួញដូរមនុស្ស ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ ភាគីទាំងពីរបានឯកភាពលើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីកសាងសមត្ថភាព។

នៅក្នុងជំនួនជាមួយគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស គណៈប្រតិភូបានជួបជាមួយលោកស្រី ជូ ប៊ុនអេង អនុប្រធាន អចិន្ត្រៃយ៍នៃ NCCT ដែលបានរៀបរាប់អំពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ដែលជំរុញដោយការប្រព្រឹត្តបទល្មើសជាមួយនឹង ការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ការពិភាក្សាននេះគឺសំដៅលើយុទ្ធសាស្ត្រគោលនយោបាយ និងការខិតខំប្រឹងប្រែងបន្តដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មទាំងនេះនៅទូទាំងតំបន់។

ទន្ទឹមនឹងនេះ ការពិភាក្សាជាមួយ NACD ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន ទាមទារឱ្យមានគំនិតផ្តួចផ្តើមដូចជាការសម្របសម្រួលការអនុវត្តច្បាប់ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ កម្មវិធីស្តារនីតិសម្បទា និងការសហការអន្តរជាតិលើការលុបបំបាត់គ្រឿងញៀន។

លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានគូសបញ្ជាក់ពីតម្រូវការក្នុងការអនុវត្តជាក់ស្តែងនូវ MoU ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២៣ ។

លោកបានបន្ថែមថា <<ការកើនឡើងនៃចំនួនប្រជាជនឥណ្ឌូនេស៊ីដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ក៏អាចជាកត្តាបង្កើតនូវឱកាសសម្រាប់បុគ្គលប្រឈមនឹងការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម។ ពួកគេប្រឈមនឹងហានិភ័យនៃការក្លាយ ជាជនរងគ្រោះនៃការជួញដូរមនុស្ស និងការប្រើប្រាស់គ្រឿងញៀន>>។

គណៈប្រតិភូឥណ្ឌូនេស៊ីនឹងបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបជាមួយមន្ត្រីមូលដ្ឋាន រួមទាំងមន្ត្រីអនុវត្តច្បាប់ផងដែរ។

ក្នុងឆ្នាំ២០២៤ ក្រសួងការងារកម្ពុជាបានជូនដំណឹងដល់ស្ថានទូតថា មានជនជាតិឥណ្ឌូនេស៊ីជាង ១៣១.០០០ នាក់ បានធ្វើការនៅកម្ពុជា។ ប្រហែលមួយភាគបីនៃពួកគេរស់នៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសហគមន៍ឥណ្ឌូនេស៊ីធំជាងគេនៅកម្ពុជា៕











News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២២, ២០២៥
MORE NEWS CLICK HERE...