អ៉ីស្រាអែល បាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់បាញ់ចេញពីយេម៉ែន

Posted By: RoogRog Robot | 22-May-2025 06:35:27

2025-05-22 10:32am

(Reuters)៖ យោធាអ៉ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា បានឱ្យដឹងថាខ្លួនបានបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់បាញ់ចេញពីយេម៉ែន ដោយជំរុញឱ្យអាជ្ញាធរបើកស៊ីរ៉ែន ប្រកាសអាសន្ននៅតាមតំបន់ជាច្រើននៅភាគកណ្ដាលប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជារងការវាយប្រហារតាមផ្លូវអាកាសពីអ៉ីស្រាអែលជាច្រើនលើកមកហើយក៏ដោយ ក៏ក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែននៅតែបន្តបាញ់មីស៊ីលវាយប្រហារលើអ៉ីស្រាអែលដែល ពួកគេអះអាងថាជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ ក្រុមហ៊ូទីមិនទាន់ទទួលស្គាល់ខុសត្រូវចំពោះការបាញ់មីស៊ីលលើអ៉ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសសងសឹកក្រុមហ៊ូទីជាច្រើនលើកមកហើយ ក្នុងនោះរួមមានការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី៦ ខែឧសភា ដោយ បង្កការខូចខាតដល់អាកាសយានដ្ឋានដ៏សំខាន់មួយក្នុងរដ្ឋធានីសាណា និងកំពុងផែ Hodeidah រួមទាំងទីក្រុង Salif កាលពីសប្ដាហ៍មុន។ ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់ និងវាយប្រហារដោយប្រើដ្រូនលើអ៉ីស្រាអែល តែមីស៊ីល និងដ្រូនទាំងអស់ នេះភាគច្រើនត្រូវបានស្ទាក់បំផ្លាញ៕


News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២២, ២០២៥
MORE NEWS CLICK HERE...