វិភាគអន្តរជាតិ៖ តើយោធាប៉ាគីស្ថានអាចស៊ីសងជាមួយយោធាឥណ្ឌា ឬ?​

Posted By: RoogRog Robot | 02-May-2025 11:20:37

2025-05-02 11:17am

(ញូវដែលី)៖ ខណៈភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានកំពុងឡើងកម្ដៅ បន្ទាប់ពីមានការវាយប្រហារលើក្រុមភ្ញៀវទេសចរនៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា បច្ចុប្បន្នអ្វីដែលគេកំពុងផ្តោត នោះគឺថាតើជម្លោះយោធារវាងប្រទេសជិតខាងទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងដែរឬទេ? ក្រុមអ្នកជំនាញមួយចំនួនជឿថាជម្លោះទ្រង់ទ្រាយធំ ឬសង្រ្គាមពេញទំហឹងមួយនឹងមិនផ្ទុះឡើងនោះទេ មានមួយផ្នែកដោយសារតែភូមិសាស្ត្រនៃតំបន់កាស្មៀរស្មុគស្មាញសម្បូរដោយភ្នំ។ ប៉ុន្តែរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងរងសម្ពាធត្រូវតែចាត់វិធានការសងសឹក។ កាលពីថ្ងៃទី២២ ខែមេសា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស ២៦នាក់ ភាគច្រើនលើសលុបជាភ្ញៀវទេសចរឥណ្ឌា ក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា។

តាមក្រុមអ្នកជំនាញ ភាគរយដែលជម្លោះទ្រង់ទ្រាយតូចរវាងឥណ្ឌា និងប៉ាគីស្ថានអាចនឹងផ្ទុះឡើងគឺនៅតែមាន ស្របពេលទំនាក់ទំនងការទូតបានធ្លាក់ចុះដុនដាប ចាប់តាំងពីមានការវាយប្រហារដែលញូវដែលី ចាត់ទុកថាជាទង្វើភេរវកម្ម និងចោទប៉ាគីស្ថានថាជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។ ទីក្រុងអ៉ីស្លាម៉ាបាដបានច្រានចោលការចោទប្រកាន់របស់ទីក្រុងញូវដែល និងបានសន្យាថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងចំណាត់ការយោធាណាមួយរបស់ឥណ្ឌា។

នៅលើក្រដាស ឥណ្ឌាមានកម្លាំងយោធាដ៏ធំ ដោយមានកងទ័ព ១ ៤៧៥ ០០០នាក់ ឬច្រើនជាងចំនួនកងទ័ពប៉ាគីស្ថាន២ដង។ នេះបើតាមទិន្នន័យរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។ ឥណ្ឌា ក៏មានផងដែរកញ្ចប់ថវិកាយោធា ៨៦ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ ដែលតួលេខនេះធ្វើឱ្យឥណ្ឌាស្ថិតក្នុងចំណោមប្រទេសចំនួន៥ ដែលចំណាយច្រើនលើកញ្ចប់ថវិកាយោធានៅលើពិភពលោក ឬមានកញ្ចប់ ថវិកាយោធាច្រើនជាងប៉ាគីស្ថានដល់ទៅ ៨ដងឯណោះ។ តែទោះជាបែបនេះក្ដី នេះគ្រាន់តែជាតួលេខនៅលើក្រដាសប៉ុណ្ណោះ ហើយណាមួយភូមិសាស្ត្រស្មុគស្មាញនៃតំបន់កាស្មៀរមិនសូវមានអំណាយផលសម្រាប់ ជម្រើសយោធានោះទេទាំងចំពោះឥណ្ឌា និងប៉ាគីស្ថាន។ លើសពីនេះទៅទៀត ឥណ្ឌាបានដាក់ពង្រាយកងទ័ពមួយផ្នែកធំរួចទៅហើយដើម្បីការពារព្រំដែនភាគខាងជើងរបស់ខ្លួនជាប់ជាមួយចិនដែលធ្លាប់ប៉ះទង្គិចគ្នារឿយៗជាមួយញូវដែលី ជុំវិញជម្លោះព្រំដែននៅតាមបណ្ដោយជួរភ្នំហិរមាល័យ។ ចំណែកឯ ប៉ាគីស្ថានវិញកំពុងជាប់រវល់ផ្ដោតលើព្រំដែនរបស់ខ្លួនជាប់ជាមួយអាហ្វហ្កានីស្ថាន ជាទីដែលក្រុមសកម្មប្រយុទ្ធកំពុងធ្វើ សកម្មភាពវាយប្រហារឆ្លងដែនចូលទឹកដីប៉ាគីស្ថាន។ ដូច្នេះការប្រើប្រាស់ដ្រូន និងការបង្កើនការស៊ើបការណ៍ គឺជាអាទិភាពមួយសម្រាប់ប្រទេសទាំង២។ កងទ័ពប៉ាគីស្ថាន ក្នុងសប្ដាហ៍នេះបានអះអាងថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនស៊ើបការណ៍មួយគ្រឿងរបស់ឥណ្ឌានៅតាមបណ្ដោយព្រំដែនជម្លោះ។

លោក Harsh Pant ជាអនុប្រធានស្ថាប័ន Observer Research Foundation ក្នុងទីក្រុងញូវដែលី បាននិយាយថាចំពោះឥណ្ឌា ការទប់ទល់ជាមួយចិនផង និងប៉ាគីស្ថានផងដែលមានពេលខ្លះប្រទេសទាំង២ រួមដៃគ្នា គឺជាគុណវិបត្តិមួយផ្សេងទៀត។ ជាការពិតណាស់ យោធាឥណ្ឌាមានទំហំធំ ប៉ុន្តែឥណ្ឌាមានបញ្ហាប្រឈមខាងយុទ្ធសាស្ត្រក្នុងការការពារព្រំដែនទាំង២របស់ខ្លួនក្នុងពេលតែមួយ និងមានគុណវិបត្តិខាងទីតាំងភូមិសាស្ត្រផង ដោយនៅជាប់ចិន និងប៉ាគីស្ថានដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។

* អាវុធនុយក្លេអ៊ែរ

ជម្លោះប្រដាប់អាវុធណាមួយរវាងឥណ្ឌា និងប៉ាគីស្ថាន គឺមានហានិភ័យមហន្តរាយខ្ពស់ណាស់ ដោយសារតែប្រទេសទាំង២មានអាវុធនុយក្លេអ៊ែរ។ តាមការវាយតម្លៃពីស្ថាប័ន Arms Control Association ឥណ្ឌាមាន ក្បាលគ្រាប់នុយក្លេអ៊ែរ ១៧២គ្រាប់ រីឯប៉ាគីស្ថានមាន១៧០គ្រាប់។ សម្រាប់ប៉ាគីស្ថាន ឃ្លាំងអាវុធនុយក្លេអ៊ែរជាមធ្យោបាយមួយដើម្បីកំញើញរារាំងឥណ្ឌាដែលមានសេដ្ឋកិច្ច និងកម្លាំងយោធាធំជាងខ្លួនពីការធ្វើ សកម្មភាពយោធា។ ក្នុងពេលដែលប្រទេសទាំង២ ពន្លឿនការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររៀងៗខ្លួន ឥណ្ឌា និងប៉ាគីស្ថានក៏កំពុងរត់ប្រណាំងគ្នាក្នុងការផលិតប្រព័ន្ធអាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះរួមមាន មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារចូលជ្រៅលើទឹកដីរបស់សត្រូវ។ ឥណ្ឌាប្រកាន់យកគោលនយោបាយ <<មិនប្រើអាវុធនុយក្លេអ៊ែរមុន>> និងមិនត្រូវបានគេរាយការណ៍ថាមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកដែលបំពាក់ក្បាលគ្រាប់មានកម្លាំងផ្ទុះទាប ដើម្បីប្រើនៅលើសមរភូមិនោះទេ។ តែផ្ទុយទៅវិញ ប៉ាគីស្ថានបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរតាក់ទិក មានដូចជាមីស៊ីលបាលិស្ទីគ Nasr មានរយៈចម្ងាយបាញ់ ៧០គីឡូម៉ែត្រ ហើយថែមទាំងរក្សាសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនទៀតផង។

ទាំងឥណ្ឌា និងប៉ាគីស្ថានកំពុងសម្លឹងរកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលអាចបាញ់អាវុធនុយក្លេអ៊ែរចេញពីដីគោក សមុទ្រ ឬអាកាស។ នៅត្រង់ចំណុចនេះ ឥណ្ឌាមានប្រៀបជាងប៉ាគីស្ថានលើរយៈចម្ងាយបាញ់។ តួយ៉ាង មីស៊ីល Agni-V របស់ឥណ្ឌាដែលជាប្រភេទមីស៊ីលបាញ់ចេញពីផ្ទៃដី អាចបាញ់បានរយៈចម្ងាយចន្លោះពី៥០០០ ដល់ ៨០០០គីឡូម៉ែត្រ។ រីឯមីស៊ីល Shaheen 3 របស់ប៉ាគីស្ថានដែលកំពុងស្ថិតក្នុង ការអភិវឌ្ឍមានរយៈចម្ងាយបាញ់ ២ ៧៥០គីឡូម៉ែត្រ ឬអាចបាញ់ដល់គ្រប់ទីកន្លែងនៅលើទឹកដីឥណ្ឌា អាស្រ័យថាតើបាញ់ចេញពីកន្លែងណានៅលើទឹកដីប៉ាគីស្ថាន។ ឥណ្ឌា និងប៉ាគីស្ថានសុទ្ធសឹងជាអ្នកទិញអាវុធ ដ៏ធំបំផុតទាំង២ ដែលមានប្រភពភាគច្រើនមកពីរុស្ស៉ី និងចិន។ ប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌាបានបង្កើនការទិញអាវុធពីសហរដ្ឋអាមេរិក បារាំង និងប្រទេសផ្សេងទៀត ដែលនេះបានធ្វើឱ្យឥណ្ឌាក្លាយជាអ្នកទិញអាវុធធំជាងគេបំផុតនៅលើពិភពលោក។ នេះបើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិស្ដុកខុល (Sipri)។

ទិន្នន័យ Sipri បានឱ្យដឹងទៀតថាការពឹងផ្អែករបស់ឥណ្ឌាលើទីផ្សារអាវុធរុស្ស៉ីបានធ្លាក់ចុះពី ៧៦ភាគរយពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ មកនៅត្រឹម ៣៦ភាគរយពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ខណៈឥណ្ឌាកំពុងធ្វើទំនើបកម្មប្រព័ន្ធអាវុធរបស់ខ្លួនជាមួយប្រព័ន្ធអាវុធដែលខ្លួនទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ ប៉ាគីស្ថានក៏មិននៅស្ងៀមដែរ ដោយប្រឹងរត់ប្រណាំងជាមួយឥណ្ឌា តាមរយៈការទិញអាវុធពីចិន។ ការនាំចូលអាវុធរបស់ប៉ាគីស្ថានពីចិនបានកើនឡើង ៨២ភាគរយពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធៀបទៅនឹង ៥១ភាគរយពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ នេះបើតាមទិន្នន័យ Sipri។

គួរបញ្ជាក់ថា លោក Sardar Jahanzaib Ghalib ជាអ្នកស្រាវជ្រាវម្នាក់បានលើកឡើងក្នុងអត្ថបទមួយសម្រាប់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអីស្លាម៉ាបាដ (Institute of Strategic Studies Islamabad) កាលពីខែធ្នូ ឆ្នាំ២០២៤ថា <<ការប្រែប្រួលតុល្យភាពអំណាចក្នុងតំបន់ដោយសារតែការពង្រីកសមត្ថភាពយោធារបស់ឥណ្ឌា បានបង្ខំឱ្យប៉ាគីស្ថានរិះរកយុទ្ធសាស្ត្រដើម្បីកាត់បន្ថយឧត្តមភាពនៃសមត្ថភាពយោធាទូទៅមិនមែននុយក្លេអ៊ែរនៃគូប្រជែងរបស់ខ្លួន>>៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...