វិភាគអន្តរជាតិ៖ តើកិច្ចព្រមព្រៀងរ៉ែរបស់អ៊ុយក្រែនជាមួយអាមេរិក ជះឥទ្ធិពលយ៉ាងណាលើសង្រ្គាមអ៊ុយក្រែន?

Posted By: RoogRog Robot | 02-May-2025 11:39:35

2025-05-02 09:33pm

(​វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចុះហត្ថលេខាហើយលើកិច្ចព្រមព្រៀងរ៉ែ បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាង២ខែមកនេះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជាទម្រង់ថ្មីមួយនៃការប្ដេជ្ញាចិត្តចំពោះអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា បានចាត់ទុកថាកិច្ចព្រមព្រៀងនេះដែល នៅត្រូវរង់ចាំការផ្ដល់សច្ចាប័នពីសភាអ៊ុយក្រែនថាមាន <<លក្ខណៈស្មើភាពយ៉ាងពិតប្រាកដ>> ហើយថាវានឹងត្រួសត្រាយផ្លូវសម្រាប់មូលធិនិមួយដើម្បីឱ្យអ៊ុយក្រែនកសាងប្រទេសឡើងវិញ។ ។

* តើនៅក្នុងកិច្ចព្រមព្រៀងមានអ្វីខ្លះ?ជំនួយ៖ គឺជារឿងសំខាន់បំផុត។ កិច្ចព្រមព្រៀងរ៉ែដែលអ៊ុយក្រែនបានស៊ីញេជាមួយសហរដ្ឋអាមេរិក មិនមានការតម្រូវឱ្យទីក្រុងកៀវសងបំណុលសហរដ្ឋអាមេរិក សម្រាប់ជំនួយយោធាដែលវ៉ាស៊ីនតោន នៅក្រោម អាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្ដល់ឱ្យទីក្រុងកៀវរួចទៅហើយនោះទេ។ នេះជាសម្បទានដ៏សំខាន់មួយរបស់លោក ត្រាំ ដែលកន្លងមកតែងតែអះអាងរឿយៗថាកិច្ចព្រមព្រៀងរ៉ែ ជាថ្នូរទៅនឹងជំនួយយោធាដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ លោក ត្រាំ ដំបូងឡើយបានទាមទារឱ្យអ៊ុយក្រែនសងប្រាក់ ៥០០ពាន់លានដុល្លារមកឱ្យ សហរដ្ឋអាមេរិកវិញ តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកធ្វើអាជីវកម្មលើរ៉ែកម្រ និងរ៉ែសំខាន់ៗ។ នៅពេលលោក ហ្សេលេនស្គីបដិសេធការទាមទារនេះ លោក ត្រាំ បានហៅមេដឹកនាំអ៊ុយក្រែនរូបនេះថា ជាជនផ្ដាច់ការ។ យ៉ាងណាក៏ដោយ នៅក្រោមកិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ ក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថាអនាគតជំនួយយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែន នឹងត្រូវរាប់បញ្ចូល ជាផ្នែកមួយនៃការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងមូលនិធិវិនិយោគរួមគ្នាមួយដើម្បីកសាងអ៊ុយក្រែនឡើងវិញ ហើយដែលមូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីវិនិយោគប្រាក់យ៉ាងសន្ធឹកសន្ធាប់លើធនធាន ធម្មជាតិរបស់អ៊ុយក្រែន។

ធនធានធម្មជាតិ៖ កិច្ចព្រមព្រៀងរ៉ែនឹងផ្ដល់សិទ្ធិពិសេសឱ្យសហរដ្ឋអាមេរិក នៅក្នុងការធ្វើអាជីវកម្មធនធានរ៉ែនៅក្នុងប្រទេសអ៊ុយក្រែន ហើយអ៊ុយក្រែនគឺជាអ្នកសម្រេចចិត្តថាតើការធ្វើអាជីវកម្មរ៉ែនឹងត្រូវធ្វើនៅទីណា និងធ្វើយ៉ាងដូចម្ដេច? អ៊ុយក្រែនក៏នឹងរក្សាសិទ្ធិជាម្ចាស់កម្មសិទ្ធិលើធនធានធម្មជាតិនៅក្រោមដីផងដែរ។ <<គ្រប់ធនធានធម្មជាតិនៅលើទឹកដីរបស់យើង និងនៅក្នុងទឹករបស់យើង គឺជាកម្មសិទ្ធិរបស់អ៊ុយក្រែន។ ដូច្នេះវាអាស្រ័យទៅលើអ៊ុយក្រែនជាអ្នកកំណត់ទីតាំង និងថាតើអាជីវកម្មរ៉ែត្រូវធ្វើទៅយ៉ាងដូចម្ដេច>>? នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Svyrydenko ដែលជាអ្នកចុះហត្ថលេខា លើកិច្ចព្រមព្រៀងតំណាងឱ្យអ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក។ លោក ត្រាំ ធ្លាប់បានចាត់ទុកកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងរ៉ែកម្រ ប៉ុន្តែកិច្ចព្រមព្រៀងដែលត្រូវបានស៊ីញេកាលពីថ្ងៃពុធ គឺលើសពីរ៉ែកម្រ ដោយវាគ្របដណ្ដប់ផងដែរលើធនធានធម្មជាតិផ្សេងទៀតដូចជាប្រេង ឧស្ម័នធម្មជាតិ មាស និងទង់ដែង។

ផ្លាស់ប្ដូរពាក្យពេចន៍៖ ជាជោគជ័យមួយរបស់អ៊ុយក្រែន កិច្ចព្រមព្រៀងក៏បានកែប្រែពាក្យពេចន៍មួយចំនួនដែលចេញពីមាត់របស់លោក ត្រាំ នាពេលកន្លងមកដែរ។ តួយ៉ាងសហរដ្ឋអាមេរិកបានហៅរុស្ស៉ីថាជា ជាអ្នកឈ្លានពាន ខណៈពីមុនលោក ត្រាំ បាននិយាយថាលោក ហ្សេលេនស្គី និងអ៊ុយក្រែនជាអ្នកទទួលខុសត្រូវដែលបានធ្វើឱ្យសង្រ្គាមផ្ទុះឡើង។ កិច្ចព្រមព្រៀងក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាគោលដៅ នៃកិច្ចព្រមព្រៀង នោះគឺចង់ឱ្យអ៊ុយក្រែនក្លាយជាប្រទេសមានសន្តិភាព អធិបតេយ្យ និងភាពធន់ ផ្ទុយពីកន្លងមកដែលលោក ត្រាំ បាននិយាយកាលពីដើមឆ្នាំ២០២៥ថាអ៊ុយក្រែនអាចនឹងក្លាយជាកម្មសិទ្ធិរបស់ រុស្ស៉ីនៅថ្ងៃណាមួយ។

សមាជិកភាពសហភាពអឺរ៉ុប៖ កិច្ចព្រមព្រៀងក៏បានបើកចំហទ្វារផងដែរចំពោះអនាគតនៃសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប (EU) ដោយនិយាយថាការវិនិយោគចាំបាច់ត្រូវធ្វើឡើងស្របទៅតាម កាតព្វកិច្ចរបស់អ៊ុយក្រែនក្នុងនាមជារដ្ឋជាបេក្ខជនសហភាពអឺរ៉ុបមួយ។ បានន័យថាប្រសិនបើអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុបនៅពេលអនាគត នោះកិច្ចព្រមព្រៀងនេះនឹងត្រូវបានចរចាឡើងវិញ នៅក្នុង ទម្រង់សុច្ឆន្ទៈ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា <<កិច្ចព្រមព្រៀងនេះជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់រុស្ស៉ីថារដ្ឋបាលលោក ត្រាំ មានការប្ដេជ្ញាចិត្តចំពោះសន្តិភាពដែលផ្តោតលើ សេរីភាព អធិបតេយ្យ និងភាពរុងរឿងរបស់អ៊ុយក្រែន សម្រាប់រយៈពេលវែង។ វាក៏បង្ហាញយ៉ាងច្បាស់ដែរថាគ្មានរដ្ឋ ឬបុគ្គលណាមួយដែលបានផ្ដល់ហិរញ្ញវត្ថុ ឬការផ្គត់ផ្គង់ដល់សង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបាន អនុញ្ញាតឱ្យទទួលបានផលចំណេញពីការកសាងអ៊ុយក្រែនឡើងវិញនោះទេ>>។

* តើអ្វីដែលត្រូវបានដកចេញពីកិច្ចព្រមព្រៀង?ការធានាសន្តិសុខ៖ អ៊ុយក្រែនបានទម្លាក់ចោលការទាមទារដ៏សំខាន់មួយរបស់ខ្លួន នោះគឺការធានាសន្តិសុខពីសហរដ្ឋអាមេរិកជាផ្នែកមួយនៃកិច្ចព្រមព្រៀងរ៉ែ។ ការទាមទារការធានាសន្តិសុខនេះហើយជាដើមចមនាំ ឱ្យមានការទាស់សម្ដីគ្នាខ្លាំងៗរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯការិយាល័យពងក្រពើនៃសេតវិមានកាលពីខែកុម្ភៈ។ ក្រោយមក លោក ត្រាំ បានបដិសេធផ្ដល់ការធានាសន្តិសុខដោយនិយាយថា លោកចង់ឱ្យអ៊ុយក្រែនស៊ីញេលើកិច្ចព្រមព្រៀងជាមុនសិន ហើយចាំនិយាយពីរឿងធានាសន្តិសុខនៅពេលក្រោយ។ នៅពេលនោះ លោក ហ្សេលេនស្គីបានបដិសេធ ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែន ចាប់តាំងពីពេលនោះមក បានលើកឡើងម្ដងហើយម្ដងទៀតថាពួកគេជឿជាក់ថាការវិនិយោគរបស់សហរដ្ឋអាមេរិក និងវត្តមានរបស់ក្រុមហ៊ុនអាមេរិកនៅលើទឹកដីអ៊ុយក្រែននឹងជំរុញទីក្រុងវ៉ាស៊ីនតោនកាន់តែមានចំណាប់អារម្មណ៍លើ សន្តិសុខរបស់អ៊ុយក្រែន។

ផ្ដល់សិទ្ធិរកស៊ីផ្ដាច់មុខឱ្យសហរដ្ឋអាមេរិក៖ ខណៈកិច្ចព្រមព្រៀងបានធានានូវសិទ្ធិពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើអាជីវកម្មលើរ៉ែរបស់អ៊ុយក្រែន កិច្ចព្រមព្រៀងនេះមិនបានធានា ឬផ្ដល់សិទ្ធិ រកស៊ីផ្ដាច់មុខណាមួយសម្រាប់សហរដ្ឋអាមេរិកនោះទេ។

ធនធានធម្មជាតិដែលមានស្រាប់៖ កិច្ចព្រមព្រៀងត្រូវបានរឹតត្បិតនៅត្រឹមគម្រោងថ្មីៗប៉ុណ្ណោះ។ បានន័យថាសហរដ្ឋអាមេរិក និងអ៊ុយក្រែនត្រូវវិនិយោគរួមគ្នាលើគម្រោងថ្មីៗដើម្បីស្វែងរកប្រាក់ចំណេញ។ ចំណែក ប្រតិបត្តិការ ឬអាជីវកម្មរ៉ែដែលមានស្រាប់ ឬក៏កំពុងដំណើរ និងដែលបានផ្ដល់ប្រាក់ចំណូលឱ្យអ៊ុយក្រែនរួចទៅហើយនោះ គឺត្រូវបានដកចេញពីកិច្ចព្រមព្រៀង។ ឬនិយាយឱ្យងាយយល់គឺគ្រប់ប្រាក់ចំណូល ឬចំណេញ នៅក្រោមកិច្ចព្រមព្រៀងអាស្រ័យលើជោគជ័យនៃការវិនិយោគលើគម្រោងថ្មីៗរបស់ប្រទេសទាំង២។

* តើកិច្ចព្រមព្រៀងមានឥទ្ធិពលលើដំណើរការស្វែងរកសន្តិភាព ឬ?រដ្ឋាភិបាលអ៊ុយក្រែនកន្លងមកធ្លាប់បានអះអាងថាធនធានរ៉ែរបស់ខ្លួនគឺជាហេតុផលមួយនៅក្នុងចំណោមហេតុផលមួយចំនួនដែលលោកខាងលិចត្រូវតែគាំទ្រអ៊ុយក្រែន ដើម្បីរារាំង ឬបញ្ចៀសកុំឱ្យធនធានរ៉ែរបស់ អ៊ុយក្រែនធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៉ី។ ក្រុមអ្នកជំនាញក៏បានយល់ស្របនឹងទស្សនៈនេះដែរ។ លោក Liam Peach និងលោក Hamad Hussain ជាអ្នកជំនាញសេដ្ឋកិច្ចមកពីក្រុមហ៊ុន Capital Economics បានសរសេរនៅក្នុងអត្ថបទវិភាគមួយថាកិច្ចព្រមព្រៀងរ៉ែដែលអ៊ុយក្រែនស៊ីញេជាមួយសហរដ្ឋអាមេរិក នឹងផ្ដល់នូវការធានាមួយចំនួនថារដ្ឋបាលលោក ត្រាំ មិនមានគម្រោងបោះបង់ចោលអ៊ុយក្រែនទាំងស្រុងនោះទេ ក៏ព្រោះតែសហរដ្ឋអាមេរិកមានផលប្រយោជន៍សេដ្ឋកិច្ចនៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះក៏នឹងពង្រឹងជំហររបស់អ៊ុយក្រែនដែរ ប៉ុន្តែវានឹងមិនអាចនាំសង្រ្គាមខិតកាន់តែកៀកទៅរកទីបញ្ចប់នោះឡើយ ដោយសារតែ កិច្ចព្រមព្រៀងរ៉ែនេះធ្វើឡើងដាច់ដោយឡែកពីកិច្ចចរចានានាជាមួយរុស្ស៉ី។ កិច្ចចរចាស្វែងរកសន្តិភាពសព្វថ្ងៃហាក់កំពុងជាប់គាំងដោយម្ដងទៅមុខ ម្ដងថយក្រោយ ខណៈទីក្រុងមូស្គូនៅតែបន្តបដិសេធទទួលយក បទឈប់បាញ់ពេញលេញរយៈពេល ៣០ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិក និងយល់ព្រមទទួលយកដោយអ៊ុយក្រែន។ ព្រមពេលជាមួយគ្នា សង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតែបន្តឆេះរោលរាល។ លោកស្រី Shelby Magid ជាអនុប្រធានមជ្ឈមណ្ឌលអឺរ៉ាស៊ី (Eurasia Center) នៃស្ថាប័ន Atlantic Council បានយល់ថាកិច្ចព្រមព្រៀងរ៉ែបានធ្វើឱ្យអ៊ុយក្រែន ស្ថិតក្នុងជំហរដ៏រឹងមាំមួយមិនធ្លាប់មានជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ស្ថាប័ន We Build Ukraine មានមូលដ្ឋានក្នុងទីក្រុងកៀវ ប្រហែលជា ៤០ភាគរយនៃរ៉ែរបស់អ៊ុយក្រែនគឺមិនអាចចូលទៅធ្វើអាជីវកម្មបានទេ ដោយសារតែកំពុងស្ថិតនៅក្រោម ការកាន់កាប់របស់រុស្ស៉ី។ អ៊ុយក្រែនបាននិយាយថាវាជាប្រយោជន៍សម្រាប់លោក ត្រាំ ក្នុងការវិនិយោគ និងអភិវឌ្ឍលើធនធានរ៉ែនៅសេសសល់ មុននឹងរុស្ស៉ីដណ្ដើមគ្រប់គ្រងទឹកដីអ៊ុយក្រែនបន្ថែមទៀត៕











News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ០៣, ២០២៥
MORE NEWS CLICK HERE...