(វ៉ាស៊ីនតោន)៖ បេសកជនជប៉ុនទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ថាកិច្ចរចាជុំទី២រវាងប្រទេសទាំង២ បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈស្ថាបនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាអ្នកវិនយោគដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការយកពន្ធគយ១០ភាគរយ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុវត្តលើប្រទេសជាច្រើន។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ryosei Akazawa បានគូសបញ្ជាក់ថា <<យើងអាចឆ្ពោះទៅមុខប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈ ស្ថាបនា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន>>។
គួរបញ្ជាក់ថា បើតាមលោក Ryosei Akazawa លោកផ្ទាល់បានលើកឡើងនូវសំណើយ៉ាងរឹងមាំទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងក្រុមមន្ត្រីដទៃទៀតឱ្យពិនិត្យឡើងវិញលើការយកពន្ធគយកម្រិតខ្ពស់របស់លោក ដូណាល់ ត្រាំ លើបណ្ដាប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ កាលពីដើមខែមេសា បានប្រកាសយកពន្ធគយ ២៤ភាគរយលើទំនិញនាំចូលពីជប៉ុន ប៉ុន្តែលោកបានផ្អាកការពន្ធនេះរយៈពេល៩០ថ្ងៃសម្រាប់ជប៉ុន រួមជាមួយប្រទេសជាច្រើនទៀត លើកលែងតែចិន៕