លោក Netanyahu ថាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើគោលដៅក្បែរវិមានប្រធានាធិបតីស៊ីរី

Posted By: RoogRog Robot | 02-May-2025 09:11:46

2025-05-02 09:08am

(Reuters)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ​នៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា បាននិយាយថាអ៉ីស្រាអែលបានបើកការវាយប្រហារលើគោលដៅមួយ ស្ថិតនៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី ជាមួយការបញ្ជាក់ឡើងវិញពីការសន្យាការពារសមាជិកនៃសហគមន៍ជនជាតិភាគតិច Druze។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា <<អ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី ដាម៉ាស។ នេះជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់របបស៊ីរីថា យើងនឹងមិនបណ្ដោយឱ្យកងកម្លាំងស៊ីរីដាក់ពង្រាយទៅកាន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាសឡើយ ឬក៏បង្កការ គំរាមកំហែងដល់សហគមន៍ជនជាតិភាគតិច Druze​ នោះទេ>>។

នេះជាលើកទី២ហើយដែលអ៉ីស្រាអែលវាយប្រហារលើស៊ីរី ក្នុងពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីបានសន្យាថានឹងការពារជាតិសហគមន៍ជនជាតិភាគតិច Druze។ ការវាយប្រហារ តាមផ្លូវអាកាសនេះដែរ បានឆ្លុះបញ្ចាំងឱ្យឃើញពីការមិនជឿទុកចិត្តរបស់អ៉ីស្រាអែលចំពោះរដ្ឋាភិបាលស៊ីរីថ្មី ដែលបានផ្ដួលរំលំរបបអតីតប្រធានាធិបតី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយនឹងបង្កជាបញ្ហាប្រឈមដល់ប្រធានាធិបតីស៊ីរីបណ្ដោះអាសន្ន លោក Ahmed al-Sharaa ក្នុងកិច្ចប្រឹងប្រែងគ្រប់គ្រងលើប្រទេសជាតិ មួយដែលពោរពេញដោយការបែកបាក់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...