(ហ្សាកាតា)៖ ហេតុការណ៍ដាច់ចរន្តអគ្គិសនីមួយ បានវាយប្រហារតំបន់ជាច្រើននៅលើកោះទេសចរណ៍ បាលី (Bali) របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ ទី២ ខែឧសភា បង្កផលប៉ះពាល់ដល់សកម្មភាពមួយចំនួន រួមទាំងនៅព្រលានយន្តហោះផងដែរ ខណៈដែលអាជ្ញាធរអគ្គិសនីកំពុងប្រឹងប្រែងស្ដារសេវាឡើងវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុនអគ្គិសនីរដ្ឋ និងចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនអគ្គិសនីរដ្ឋ (PLN) បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតរកមូលហេតុនៃការដាច់ចរន្តនេះ ហើយកំពុងធ្វើការជួសជុលតភ្ជាប់ថាមពលឡើងវិញ។ អ្នកនាំពាក្យប្រចាំកោះបាលី លោក I Wayan Eka Susana បានថ្លែងថា <<ដំណើរការស្ដារឡើងវិញបច្ចុប្បន្នកំពុងត្រូវបានអនុវត្តជាបណ្ដើរៗ>>។
ប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិ Ngurah Rai នៅកោះបាលី បានឲ្យដឹងតាមរយៈ Instagram ថា ប្រតិបត្តិការរបស់ខ្លួនរងផលប៉ះពាល់ ខណៈរូបភាពដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមបានបង្ហាញពីជួរអ្នកដំណើរយ៉ាងវែងនៅបញ្ជរចុះឈ្មោះ (check-in)។ រូបភាពផ្សេងទៀតក៏បានបង្ហាញពីការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមួយចំនួននៅលើកោះនេះផងដែរ។
គួរបញ្ជាក់ថា កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ដោយបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៦.៣ លាននាក់កាលពីឆ្នាំមុន នេះបើយោងតាមការិយាល័យស្ថិតិប្រចាំកោះ។ ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កោះបាលី៕