(ភ្នំពេញ)៖ កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង ៣ពាន់នាក់ ជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។
ក្នុងឱកាសនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា ការជួបជុំនេះបង្ហាញពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ហើយបានផ្តល់ឱកាសដល់ឱ្យកម្មករនិយោជិតបានឈប់សម្រាក ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីជួបជុំសម្តែងមតិបញ្ចេញនូវទស្សនៈ និងកង្វល់នានាដើម្បីផ្សាភ្ជាប់និងដំណោះស្រាយសម្រាប់ពួកគាត់។
លោក សំ សឿន បានបន្ដថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីពនិងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិ សេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ លោកបានបន្ដទៀតថា៖ <<នេះសបញ្ជាក់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានចូលរួមអនុវត្តសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកន្លែងការងារ ការអនុវត្តតាមអនុលោមភាពនៃអនុសញ្ញាអន្តរជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព បានយ៉ាងល្អប្រសើរ>>។
ទន្ទឹមនេះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា នេះជាឱកាសដែលកម្មករ និងសហជីព បង្ហាញការសាទរអំពីសុខដុមនីយកម្មក្នុងវិស័យការងារ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់។ លោកបានបន្ថែមថា៖ <<កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត>>។
ជាមួយគ្នានោះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានមើលឃើញថា ឱកាសខួបអនុស្សាវរីយ៍នេះ មិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថា សិទ្ធិសេរីភាពកម្មករនិយោជិត នៅកម្ពុជាមានភាពល្អប្រសើរឡើង ក្នុងស្មារតីរួមគ្នាដើម្បីប្រទេសជាតិរីកចម្រើនរុងរឿង ដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជាសាសន៍។ លោកបានបន្ដថា៖ <<ខ្ញុំមើលឃើញថា យើងអត់ប្រកាន់និន្នាការនយោបាយ ឬក៏ប្រកាន់ពូជាសាសន៍ទេ ដោយកម្ពុជារក្សាបាននូវសិទ្ធិមួយគឺរួមគ្នាធ្វើម៉េចដើម្បីឱ្យប្រទេសរីកចម្រើន>>។
ចំណែកឯ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា ការជួបជុំរបស់កម្មករនិយោជិត និងសហជីព ក្នុងឱកាសនេះជាការអរគុណដល់ រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយលើសុខទុក្ខកម្មករ ធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ សេវាសាធារណៈល្អ និងការដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ។
លោកបានអំពាវនាវដល់កម្មករនិយោជិត និងសហជីពទាំងអស់ ទោះក្នុងនិន្នាការណាក៏ដោយ ត្រូវធ្វើយ៉ាងណាចូលរួមរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងថ្លែងអ្វីជាវិជ្ជមាន ហើយអ្វីដែលនៅសេសសល់គួរតែដាក់ស្នើទៅក្រសួងជំនាញ ដើម្បីរកដំណោះស្រាយ។ លោកក៏បានសំណូមពរទៅដល់សហព័ន្ធសហជីព សភាសហជីព ក៏ដូចជាសហជីពមូលដ្ឋាននានា មេត្តាធ្វើយ៉ាងណារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ ហើយកុំជឿតាមការញុះញង់ ដែលបង្កពីអមិត្តមួយចំនួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាប៉ះពាល់ដល់បរិយាកាសវិនិយោគផ្សេងៗ។
សូមជម្រាបដែរថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន៦,៦០០ ក្នុងនោះសហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦,២៦៥ និងសមាគមនិយោគជកចំនួន១២៕