វិភាគអន្តរជាតិ៖ តើលោក ស៊ី ជីនពីង អាចសាងរាត្រីទឹកឃ្មុំជាមួយអឺរ៉ុប ម្ដងទៀត ឬ?

Posted By: RoogRog Robot | 06-May-2024 21:55:14

2024-05-06 08:48pm

(ប៉ារីស)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយកាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភានេះ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាផ្នែកមួយនៃដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃ ក្នុងតំបន់អឺរ៉ុបជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០១៩មក ដែលនឹងរួមបញ្ចូលទាំងការធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ែរប៊ី និងហុងគ្រីផងដែរ។ នៅប្រទេសបារាំង លោក ស៊ី ជីនពីង នឹងត្រូវជួបប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំត្រីភាគជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ជាឱកាសមួយ សម្រាប់លោក ស៊ី ជីនពីង បន្ធូរបន្ថយស្ថានការណ៍ពាក់ព័ន្ធតួនាទីរបស់ចិននៅក្នុងការគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ខណៈលើកកម្ពស់ផលចំណេញនៃការរក្សាទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមានជាមួយចិន សម្រាប់បារាំង និងអឺរ៉ុបទាំងមូល។

ចំណែក លោក ម៉ាក្រុងវិញ នឹងប្រើប្រាស់ជំនួបជាមួយលោក ស៊ី ជីនពីង ដើម្បីពិភាក្សាពីសន្តិសុខសមុទ្រ និងការលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងចាប់យកឱកាសបង្ហាញពីភាពជាមេដឹកនាំនយោបាយរបស់លោកស្ដីពីសំណុំរឿងអ៊ុយក្រែន និងសន្តិសុខអឺរ៉ុប ទោះបីជាប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងនឹងគាំទ្ររបស់ចិនចំពោះរុស្ស៉ីក៏ដោយ។ ដូច្នេះខាងក្រោមនេះគឺជាអ្វីដែលគេអាចរំពឹងពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងក្នុងតំបន់អឺរ៉ុប៖

*​ រកវិធីទប់ទល់នឹងគោលនយោបាយ de-risk របស់សហភាពអឺរ៉ុបដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់តំបន់អឺរ៉ុបកើតមានតែជិតមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ចេញ <<គោលនយោបាយ de-risk ឬការលុបបំបាត់ហានិភ័យ>> ក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន នៅក្រោមយុទ្ធសាស្ត្រសន្តិសុខសេដ្ឋកិច្ចរបស់ប្លុកអឺរ៉ុបមួយនេះ ដែលគោលបំណងកាត់បន្ថយភាពងាយរងគ្រោះនៃសេដ្ឋកិច្ចសហភាពអឺរ៉ុប និងការពឹងផ្អែក ជ្រុលពេកលើបណ្ដាប្រទេសជាគូប្រជែង ខណៈពង្រឹងការប្រកួតប្រជែងឧស្សាហកម្មក្នុងប្លុក និងសមត្ថភាពផលិតសម្រាប់យុទ្ធសាស្ត្របច្ចេកវិទ្យា។ ចាប់តាំងពីដាក់ចេញគោលនយោបាយនេះមក សហភាពអឺរ៉ុបបានធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារឧស្សហកម្មក្នុងតំបន់របស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនចិនដែលមានការជួយទំនុកបម្រុងពីរដ្ឋ។ ប៉ុន្តែក្នុងពេល ដំឡើងសសៃកដាក់ចិន ស្របទៅតាមការចង់បានរបស់សហរដ្ឋអាមេរិក បណ្ដាប្រទេសជាសមាជិកអឺរ៉ុបទាំងអស់មិនទាន់អាចស្វែងរកចំណុចរួម ឬការឯកភាពគ្នាថាតើត្រូវដោះស្រាយជាមួយ ចិនដោយរបៀបណានោះទេ។

ជាក់ស្ដែង រដ្ឋជាសមាជិកមួយចំនួនធំក្នុងនោះមានទាំងបងធំអឺរ៉ុប គឺបារាំង និងអាល្លឺម៉ង់ សុខចិត្តជ្រើសរើសយកយុទ្ធសាស្ត្ររក្សាតុល្យភាពទំនាក់ទំនង ដ្បិតបារម្ភខ្លាចថាការរឹតត្បិតជ្រុលពេក អាចនឹងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ពួកគេជាមួយមហាយក្សអាស៊ីបូព៌ា។ ម្លោះហើយ ទីក្រុងប៉េកាំងនឹងថែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងទិសដៅវិជ្ជមានជាមួយ សហភាពអឺរ៉ុបតាមរយៈការទាញយកប្រយោជន៍ពីការខ្វែងគំនិតគ្នាខាងនយោបាយ និងការពង្រឹងផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងចំណោមរដ្ឋជាសមាជិកអឺរ៉ុបនីមួយៗជាមួយប៉េកាំង។

* អំឡុងទស្សនកិច្ចនៅបារាំងក្នុងពេលស្នាក់នៅប្រទេសបារាំង លោក ស៊ី ជីនពីង នឹងព្យាយាមបញ្ចុះបញ្ចូលលោក ម៉ាក្រុង ឱ្យជួយជំរុញបន្ថែមដល់គោលនយោបាយជាក់ស្ដែងនិយមរវាងសហភាពអឺរ៉ុប និងចិន។ ប៉ុន្តែ ការបញ្ចុះបញ្ចូលនេះទំនងជានឹងមិនអាចសម្រេចបានការប្ដេជ្ញាចិត្តរឹងមាំណាមួយពីបារាំងនោះទេ។ ពីព្រោះថា តាមការពិតទៅបារាំងគឺជាប្រទេសដ៏សំខាន់មួយដែលជំរុញឱ្យគណៈកម្មការអឺរ៉ុប បើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនដែលរកស៊ីខាងលក់រថយន្ដអគ្គិសនី មានការទំនុកបម្រុងពីរដ្ឋចិន។ តែយ៉ាងណាក៏ដោយ លោក ស៊ី ជីនពីងនៅតែមានមើលឃើញមួយផ្នែកធំថាលោក ម៉ាក្រុង គឺជាដៃគូសន្ទនាដ៏សំខាន់មួយ ក្នុងការបញ្ចុះបញ្ចូលសហភាពអឺរ៉ុបឱ្យបន្តដើរតាមយុទ្ធសាស្ត្រជាក់ស្ដែងនិយមចំពោះទីក្រុងប៉េកាំង ដោយសារតែកន្លងមក លោក ម៉ាក្រុងផ្ទាល់ធ្លាប់បានអំពាវនាវឱ្យ អឺរ៉ុបអនុវត្តគោលនយោបាយឯករាជ្យចំពោះចិន ជាជាងដើរតាមសហរដ្ឋអាមេរិកលើបញ្ហាមួយចំនួនដូចជាការរឹតត្បិតលើបច្ចេកវិទ្យា ទំនាក់ទំនងជាមួយតៃវ៉ាន់ ឬការពង្រីកតួនាទីរបស់ NATO ក្នុងតំបន់អាស៊ី។ ក៏ប៉ុន្តែ វានៅតែមិនទំនងនោះទេដែលលោក ម៉ាក្រុង អាចនឹងអំពាវនាវដោយផ្ទាល់ឱ្យមានស្ថានភាពធូរស្រាលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬក៏ប្ដេជ្ញាចិត្តបន្ធូរបន្ថយជម្លោះសេដ្ឋកិច្ច រវាងចិន និងសហភាពអឺរ៉ុប អំឡុងជំនួបជាមួយលោក ស៊ី ជីនពីង។

* នៅស៊ែរប៊ី និងហុងគ្រីអំឡុងធ្វើទស្សនកិច្ចក្នុងប្រទេសស៊ែរប៊ី និងហុងគ្រី ដែលសុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយចិន លោក ស៊ី ជីនពីង នឹងផ្ដោតជាសំខាន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បី លើកកម្ពស់មុខមាត់របស់ចិនក្នុងនាមជាដៃគូដ៏សំខាន់មួយ សម្រាប់តំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ដែលក្នុងនោះអាចនឹងមានការប្រកាសពីគម្រោងវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ ចិន។ ប៉ុន្តែ ដោយសារតែចិនខ្លួនឯងកំពុងជួបបញ្ហាសេដ្ឋកិច្ច​ និងការថយចុះជំនួយហិរញ្ញវត្ថុនៅក្រៅប្រទេស គម្រោងថ្មីណាមួយដែលលោក ស៊ី ជីនពីង នឹងប្រកាសអំឡុងជួបមេដឹកនាំប្រទេស ហុងគ្រី និងស៊ែរប៊ី អាចនឹងមានទំហំតូច។ ហុងគ្រីត្រូវក្រុមអ្នកវិភាគលោកខាងលិចខ្លះចាត់ទុកជាតួអង្គដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ចិនចំពោះសហភាពអឺរ៉ុប ពីព្រោះនាយកដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban តែងតែបង្កការរារាំងស្ទះ ឬឧបសគ្គដល់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប។ ប៉ុន្តែលទ្ធភាពរបស់លោក Viktor Orban លើបញ្ហាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប មានព្រំដែនកំហិត ដ្បិតការអនុម័តវិធានការពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់ប្លុកអឺរ៉ុប គឺគ្រាន់តែតម្រូវឱ្យមានការគាំទ្រភាគច្រើនពីរដ្ឋជាសមាជិកប៉ុណ្ណោះ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងក្នុងប្រទេសហុងគ្រី ប្រទេសទាំង២ ត្រូវបានរំពឹងថានឹងប្រកាសពីការបើកសម្ពោធរោងចក្រក្រុមហ៊ុនផលិតរថយន្ដចិន Great Wall Motor និងក្រុមហ៊ុន BYD ក្នុងប្រទេសហុងគ្រី ក្នុងនោះរួមមានទាំងរោងចក្រផលិតរថយន្ដអគ្គិសនីក្នុងទីក្រុង Szeged ដើម្បីបំពេញតម្រូវការទីផ្សារក្នុងតំបន់អឺរ៉ុប ព្រមទាំងការប្រកាសពីគម្រោងថ្មីៗ នៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ BRI ផងដែរ។ ការប្រកាសពីគម្រោងទាំងអស់នេះគឺជាកាយវិការពេញចិត្តរបស់ចិនចំពោះគោលនយោបាយរបស់ហុងគ្រីចំពោះចិន ដែលមើលឃើញ ហុងគ្រីថាមិនត្រឹមតែជំទាស់នឹងគោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះតៃវ៉ាន់ប៉ុណ្ណោះទេ តែក៏ជាដៃគូយុទ្ធសាស្ត្រ និងមានទីតាំងភូមិសាស្ត្រល្អក្នុងតំបន់អឺរ៉ុបខាងកើតប្រៀបដូចជាផ្លូវដ៏មាន សារៈសំខាន់សម្រាប់ការតភ្ជាប់គម្រោង BRI របស់ចិនពីអាស៊ី ទៅកាន់អ៉ឺរ៉ុប។

ចំណែក នៅស៊ែរប៊ីវិញ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នឹងត្រូវធ្វើឡើងចំខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែករបស់អង្គការ NATO លើស្ថានទូតចិនក្នុងទីក្រុង Belgrade អំឡុង សង្រ្គាមកូសូវ៉ូ។ ការទម្លាក់គ្រាប់បែកនេះដែលសហរដ្ឋអាមេរិកបញ្ជាក់ថាកើតមានដោយអចេតនា បានកើតឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ បានសម្លាប់អ្នកកាសែតចិន ៣នាក់ និងបង្កឱ្យមានបាតុកម្មតវ៉ានៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង។ លោកស្រី Janka Oertel ជានាយកម្មវិធីអាស៊ីនៃវិទ្យាស្ថាន European Council on Foreign Relations ក្នុងទីក្រុងបែរឡាំង បានយល់ថា <<សម្រាប់លោក ស៊ី ជីនពីង ស្ថិតនៅក្នុងទីក្រុង Belgrade គឺជាឱកាសល្អមួយដើម្បីចោទជាសំណួរថាតើសហរដ្ឋអាមេរិកពិតជាប្រាកដប្រជាចំពោះ ច្បាប់អន្តរជាតិមែនដែរឬ? និងបង្ហាញឱ្យគេដឹងថាតើការពង្រីកឥទ្ធិពលខ្លាំងជ្រុលពេករបស់ NATO នឹងក្លាយជាបញ្ហាសម្រាប់បណ្ដាប្រទេសដទៃដោយរបៀបណា>>?

មកទល់នឹងពេលនេះ ចិននៅតែប្រារព្ធខួបនៃការទម្លាក់គ្រាប់បែកលើស្ថានទូតរបស់ខ្លួនក្នុងទីក្រុង Belgrade ដើម្បីថ្កោលទោសនូវអ្វីដែលប៉េកាំងមើលឃើញថាជាពុតត្បុតរបស់លោកខាងលិច និងការចូលចិត្តធ្វើបាបអ្នកដទៃ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...