លោក កើត ឆែ៖ ​បើនិយាយពីបណ្ណ ប.ស.ស នរណាក៏ចង់បានដែរ តែនៅមិនទាន់យល់ច្បាស់ ពីអត្ថប្រយោជន៍របស់បណ្ណនេះ

Posted By: RoogRog Robot | 06-May-2024 19:50:29

2024-05-06 06:44pm

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងនិងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា បើនិយាយពីបណ្ណ ប.ស.ស នរណាក៏ចង់បានដែរ តែនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់វានៅឡើយទេ។ លោកបានបន្តថា បណ្ណ ប.ស.ស ប្រើប្រាស់មានស្ថិរភាព មិនមែនចប់ត្រឹមយើងចូលនិវត្តន៍នោះទេ តែតកូនតចៅបន្តទៀត។

លោក កើត ឆែ ថ្លែងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយស្តីពី ការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលា រាជធានីភ្នំពេញ។

លោកបន្តទៀតថា ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ខាងលើ ដែលនេះស្តែងឲ្យឃើញពីការ គិតគូរពីសំណាក់រាជរដ្ឋាភិបាលទៅដល់សុខទុក្ខ និងជីវភាពរបស់មន្ត្រីរាជការ ដែលជាប្រតិបត្តិករសេវាសាធារណៈ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងអង្គភាពចំណុះ ដែលចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការទទួលរ៉ាប់រង ការចំណាយលើថ្លៃព្យាបាលនៅមូលដ្ឋាន សុខាភិបាលសាធារណៈ ឬមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូរបស់ ប.ស.ស នៅពេលដែលពួកគាត់ ឬអ្នកក្នុងបន្ទុកមានជំងឺ។

លោក ស៊ុំ សោភណ័ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីនាឱកាសនោះ លើកឡើងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុងការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះមានសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រពន្ធ័សន្តិសុខសង្គម ដោយប្រពន្ធ័ជំនួយសង្គមជាកម្មវិធីជំនួយសង្គម ដែលទ្រង់ទ្រង់ដោយថវិការាជរដ្ឋាភិបាល។

ដោយឡែក លោកបន្តថា ប្រព័ន្ធសន្តិសុខសង្គម គឺជាប្រពន្ធ័ជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមតែបន្តិចបន្ទួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិមួយដើម្បីការពារហានីភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេល ចាស់ជរា និងនៅពេលមានតម្រូវការសេវាសុខភាព ព្រមទាំងហានីភ័យផ្សេងៗទៀត។ ក្នុងនោះ គណៈអធិបតីបានផ្តាំផ្ញើឲ្យអស់លោក លោកស្រីត្រូវខិតខំយកចិត្ត ទុកដាក់ស្តាប់ការផ្សព្វផ្សាយឲ្យបានយល់ និងបន្តផ្សព្វផ្សាយដល់បងប្អូននៅមូលដ្ឋានទៀត ព្រមទាំងត្រូវមានការឆ្លើយតបទៅនឹងពួកអគតិ ដែលនៅតែចិញ្ចឹមចិត្ត វាយប្រហាររាជរដ្ឋាភិបាលរឿងកាតបសសនេះ ហើយយើងត្រូវដឹងថា ចលនា បដិវត្តន៍ពណ៌នៅមាននៅឡើយ ក្នុងការប្រឆាំងនឹងរាជដ្ឋាភិបាលស្របច្បាប់៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...