ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី២

Posted By: RoogRog Robot | 06-May-2024 18:35:55

2024-05-06 05:31pm

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹង មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia)។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។

កិច្ចប្រជុំក៏មានគោលបំណងរួមគ្នាពិចារណាអំពីការធ្វើឱ្យសម្រេចនូវគោលដៅដែលបានឯកភាព និងធានានិរន្តភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ជា សហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (បារាំង និងជប៉ុន) សមាជិក សមាជិកា​ ក្រុមការងារបច្ចេកទេសឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងផែនការ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, USAID, CDC, CCC, CRS, HACC, KHANA, FHI360, AHF, CPN ) ព្រមទាំងតំណាងប្រជាជនគន្លឹះ និងយុវជន សរុបចំនួនជាង៥០រូប។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាដោយសារយើងមានសសរស្តម្ភ៣សំខាន់ ភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាបានខកខានមួយរយៈ។ ប៉ុន្តែនៅក្នុងនីតិកាលថ្មីនេះយើងធ្វើឱ្យមានដំណើរការឡើងវិញ ដោយបានរៀបចំឱ្យមានកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ និងដាក់ទិសដៅ ដែលដៃគូអភិវឌ្ឍអាចផ្តល់មតិណែនាំ ក្នុងក្របខ័ណ្ឌសម្របសម្រួលថ្នាក់ជាតិ តាមគោលការណ៍គន្លឹះបីមួយរបស់អង្គការ UNAIDS ៖ ផែនការសកម្មភាពអេដស៍តែមួយ ស្ថាប័នជាតិដឹកនាំសម្របសម្រួលជាពហុវិស័យតែមួយ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃរបស់ប្រទេសតែមួយ។

កិច្ចប្រជុំបានពិភាក្សាអំពី តួនាទីនិងភារកិច្ច សមាជិកភាព របស់ក្រុម​ការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពីមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨៖ បច្ចុប្បន្នភាព ជំហានបន្ទាប់ និងសកម្មភាពរួមគ្នា និងវេទិកាសង្គមស៊ីវិល៖ បញ្ហាទាក់ទងនឹងការសម្របសម្រួល ការធ្វើចលនាប្រភពធនធាន និងភាពជាដៃគូ។

នៅក្នុងដំណើរការកិច្ចប្រជុំ មានការលើកឡើងអំពីការថយចុះនៃថវិកាជំនួយពីខាងក្រៅ និងការកើនឡើងនូវថវិកាជាតិក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ជាមួយគ្នានេះ ក៏មានការលើកឡើងពីកង្វល់របស់អង្គការក្រៅរដ្ឋាភិបាលអំពីបញ្ហាកិច្ចសន្យាសង្គម បណ្ណសមធម៌សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងការយឺតយ៉ាវក្នុងការប្រើប្រាស់ថវិកាជំនួយ ដែលអាចនឹងត្រូវបង្វែរ ត្រលប់ទៅវិញ។ ជាការឆ្លើយតបលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះកិច្ចសន្យាសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានបិទផ្លូវទេ គឺនឹងពិនិត្យវាយតម្លៃ។ ចំណែកឯបណ្ណសមធម៌សម្រាប់អ្នកផ្ទុកមេរោគអេដស៍ បច្ចុប្បន្នយើងគ្របដណ្តប់បាន៤១%ហើយ យើងគ្រោងធ្វើឱ្យបាន១០០% នៅឆ្នាំ២០២៨។

ទន្ទឹមនឹងនេះ យើងកំពុងខ្វះថវិកាសម្រាប់ការងារបង្ការ ក្នុងពេលដែលថវិកាជំនួយពីមូលនិធិសកលនៅសល់។ តើថវិកាដែលនៅសល់នោះអាចយកមកជួយការបង្ការអ្វីខ្លះ? ដូច្នេះ យើងនឹងស្នើឱ្យមានការកែសម្រួលខ្ទង់ថវិកា។ មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា យើងស្តាប់នូវអ្វីដែលលើកឡើង ហើយនឹងសិក្សាជាមួយភាគីពាក់ព័ន្ធដើម្បីកែលម្អចំណុចខ្វះខាត ព្រមទាំងរិះរកវិធីកែសម្រួល។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកស្រីនាយិកាអង្គការ UNAIDS ជាសហប្រធាន តំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ តំណាងអ្នកផ្ទុកមេរោគអេដស៍ដែលបានចូលរួម ក្នុងកិច្ចប្រជុំ ហើយជាពិសេសអរគុណ សហរដ្ឋអាមេរិក បារាំង និងជប៉ុនដែលជាប្រទេសម្ចាស់ជំនួយធំក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...