ឥណ្ឌូណេស៉ីស្នើកាត់បន្ថយការចំណាយរបស់ខ្លួន ក្នុងគម្រោងអភិវឌ្ឍយន្តហោះចម្បាំង ជាមួយកូរ៉េខាងត្បូង

Posted By: RoogRog Robot | 06-May-2024 14:59:55

2024-05-06 01:53pm

(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា ឥណ្ឌូណេស៉ីបានស្នើសុំកាត់បន្ថយ ចំណែកនៃការចំណាយរបស់ខ្លួន សម្រាប់គម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរួមគ្នា ជាមួយកូរ៉េខាងត្បូង មកត្រឹមប្រហែល១ភាគ៣ នៃអ្វីដែលត្រូវបានព្រមព្រៀង កាលពីខាងដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

Yonhap បានរាយការណ៍ថា នាពេលថ្មីៗនេះ ខាងឥណ្ឌូណេស៉ីបានស្នើមកកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងថា ខ្លួននឹងចំណាយថវិកាសរុប​ប្រហែលត្រឹម៦០០ពាន់លានវ៉ុន (៤៤២.៤៧លានដុល្លារ) សម្រាប់គម្រោងអភិវឌ្ឍយន្តហោះចម្បាំង KF-21 ខណៈអ្វីដែលត្រូវបានព្រមព្រៀង​ពីដើមមក សម្រាប់ចំណែកនៃការចំណាយរបស់ឥណ្ឌូណេស៉ី គឺត្រូវបានកំណត់ចំនួនប្រមាណ១.៦ទ្រីលានវ៉ុន គិតត្រឹមខែមិថុនា ឆ្នាំ២០២៦។ ក្នុងសេចក្តីថ្លែងការណ៍ប្រាប់មកកាន់ Reuters ទីភ្នាក់ងារកម្មវិធីលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ដើម្បីសម្រេចជោគជ័យ​ នូវការអភិវឌ្ឍន៍គម្រោង KF-21 រដ្ឋាភិបាលកូរ៉េខាងត្បូងនិងឥណ្ឌូណេស៉ី កំពុងធ្វើការចរចាជុំចុងក្រោយ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន ពាក់ព័ន្ធទៅនឹងវិភាគទានហិរញ្ញវត្ថុ សម្រាប់គម្រោងនេះ។

យន្តហោះចម្បាំង KF-21 ដែលអភិវឌ្ឍដោយក្រុមហ៊ុន Korea Aerospace Industries (KAI) នៅក្នុងគម្រោងដែលមានការគាំទ្រ​ខ្លះពីសំណាក់ឥណ្ឌូណេស៉ី គឺត្រូវបានរចនាឡើងជា ជម្រើសយន្តហោះចម្បាំងស៊េរីថ្មីមួយ ដែលមានតម្លៃទាបជាង តែក៏មានសមត្ថភាពបំបាំងកាយទាបជាងដែរ ធៀបទៅនឹងយន្តហោះចម្បាំងអាមេរិក F-35 ដែលកូរ៉េខាងត្បូងសព្វថ្ងៃ កំពុងពឹងផ្អែកលើ។ បើតាម Yonhap ឥណ្ឌូណេស៉ីបាននិយាយថា ខ្លួននឹងទទួលបានការផ្ទេរបច្ចេកវិទ្យាតិចជាងមុនពីកូរ៉េខាងត្បូង ដោយសារ​ការកាត់បន្ថយវិភាគទានហិរញ្ញវត្ថុនេះ។

គួរបញ្ជាក់ថា ការស្នើរបស់រដ្ឋាភិបាលឥណ្ឌូណេស៉ី កើតមានឡើង បន្ទាប់ពីប៉ូលិសកូរ៉េខាងត្បូង បានចុះឆែកឆេរទីស្នាក់ការកណ្តាលរបស់​ក្រុមហ៊ុន KAI កាលពីខែមីនា ឆ្នាំនេះ ពាក់ព័ន្ធជាមួយ ជនជាតិឥណ្ឌូណេស៉ី២នាក់ ដែលត្រូវបានចោទប្រកាន់ថា ធ្វើឱ្យបែកធ្លាយបច្ចេកវិទ្យា​ទាក់ទងទៅនឹង គម្រោងយន្តហោះចម្បាំង KF-21៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...