នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំង

Posted By: RoogRog Robot | 06-May-2024 14:30:33

2024-05-06 01:24pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួល មីម៉ាម៉ាចំនួន៥០ធំ ស្មើនឹង៣០០តូច ពី លោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព, ទឹកផ្លែឈើចំនួន ៥០០កេស ទឹកបរិសុទ្ធចំនួន ៥០០កេស ពីតំណាងអ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព, អ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនគរបាលជាតិ ដើម្បីថ្លែងអំណរគុណចំពោះការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបង្កើតបាននូវបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កាយវិការដ៏ឧត្តុង្គឧត្តមនេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏សប្បុរស ហើយក៏ជាការចូលរួមចំណែកលើកទឹកចិត្ត និងជំរុញស្មារតីរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ជំនួសមុខកងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងជូនពរលោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ, អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...