អបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា, កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សហការជាមួយក្រុមហ៊ុនវីតាល់ សំណេះសំណាល និងផ្តល់កាដូជូនស្ត្រីមានផ្ទៃពោះ និងឆ្មប នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

Posted By: RoogRog Robot | 05-May-2024 17:26:02

2024-05-05 04:22pm

(ភ្នំពេញ)៖ ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងចូលរួមអបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ <<ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ>> កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានសហការជាមួយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) រៀបចំពិធីជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះចំនួន ៥០នាក់ និងឆ្មបចំនួន ៥០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកស្រី អ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រុមគ្រូពេទ្យ និងឆ្មបនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ស្ត្រីមានផ្ទៃពោះ រួមជាមួយបុគ្គលិកក្រុមហ៊ុនវីតាល់ផងដែរ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងជាពិសេសការគិតគូរពីសុខុមាលភាពរបស់ក្មួយៗស្ត្រីជាមាតា និងបុគ្គលិកឆ្មបទាំងអស់ផងដែរ។

លោកស្រីក៏បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងក្រុមគ្រូពេទ្យ ដែលបានផ្តល់ទីកន្លែងសម្រាប់រៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនវីតាល់ ដែលបានរួមចំណែកយ៉ាងធំធេងជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំទិវាឆ្មបជាតិ-អន្តរជាតិ និងទិវាជាតិសុខភាពមាតា ទារក និងកុមារ កាលពីពេលកន្លងទៅ ក៏ដូចជាការរៀបចំកម្មវិធីក្នុងសង្គមផ្សេងៗជាច្រើនទៀត។

ថ្លែងពីលើវេទិកានេះដែរ លោកស្រីបានពាំនាំនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ដែលផ្ញើជូនបងប្អូនជនរួមជាតិ ជូនដល់អង្គកម្មវិធីផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនវីតាល់ និងកាកបាទក្រហមកម្ពុជា បានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ដល់ស្ត្រីមានផ្ទៃពោះចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ឈុតកន្សែងពោះគោតូច ១ឈុត និងថវិកា ២ម៉ឺនរៀល។ ជូនឆ្មបចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន មីជាតិ ១កេស, វីតាល់ ១.៥លីត្រ ១កេស, ឈុតកន្សែងពោះគោធំ ១ឈុត និងថវិកា ៤ម៉ឺនរៀល។ ដោយឡែក ក្រុមហ៊ុនវីតាល់ បានឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក នូវមីជាតិ ១០០កេស និងទឹកវីតាល់ ២៥០មីលីលីត្រ ១០០កេស។

បន្ទាប់ពីកម្មវិធីខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ បានអញ្ជើញបន្តសួរសុខទុក្ខ និងប្រគល់អំណោយដល់ជូនស្ត្រីទើបឆ្លងទន្លេរួចចំនួន ៣២នាក់ ដែលកំពុងសម្រាកនៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ផងដែរ៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...