ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ៥៥៥នាក់ ចុះពិនិត្យនិងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ សរុបជិត១ម៉ឺននាក់ នៅស្រុករលាប្អៀរ

Posted By: RoogRog Robot | 05-May-2024 17:19:43

2024-05-05 04:10pm

(កំពង់ឆ្នាំង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណ៥៥៥នាក់ នៅថ្ងៃនេះបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរត្បូង ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សកម្មភាពការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ដែលតែងតែចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឥតគិតថ្លៃនៅគ្រប់មូលដ្ឋាន។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខាងលើនេះធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធាន ប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី។

លោករដ្ឋលេខាធិការ បាននាំមកនូវអំណោយដ៏ថ្លៃថ្លា ជាថ្នាំពេទ្យ និងបានចូលរួមពិនិត្យសុខភាពនិងផ្ដល់ថ្នាំព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ការអប់រំសុខភាព ការចាក់វ៉ាក់សាំងបង្ការជំងឺកីវីដ-១៩ ការបង្ហាត់បង្ហាញពីវិធីសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សកម្មភាពខាងលើ ដោយមានការសហការ និងគាំទ្រពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុក-ខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចូលរួមនៅក្នុងពិធីនោះដែរ។

លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សរុបចំនួន៥៥៥នាក់ក្នុងនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន៥០នាក់ចូលរួមផងដែរ។ ក្នុងចំណោមក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង៥៥៥នាក់ ខាងលើនេះមានស្ត្រីចំនួន៣៣៥នាក់ បានចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីសុខភាព វគ្គសង្គ្រោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺទូទៅជូនកុមារនិងប្រជាពលរដ្ឋ ដោយផ្ដល់សេវាការព្យាបាលដោយឥតគិតថ្លៃបានចំនួន ៩.៩៥៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.២៧២នាក់៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...