សាកលវិទ្យាល័យលំដាប់កំពូលមួយនៅកម្ពុជាប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីជាង១៤០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ (Video inside)

Posted By: RoogRog Robot | 05-May-2024 15:51:39

2024-05-05 02:48pm

(ភ្នំពេញ)៖ និស្សិតចំនួន១៤២នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យកំពូលមួយនៅកម្ពុជា ដែលមានផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ។

ពិធីប្រគល់សញ្ញាបត្រ ត្រូវបានធ្វើឡើងនៅទី៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងអ្នកចូលរួមជាង៥០០នាក់ ដែលជាសាស្ត្រាចារ្យ មាតាបិតា និងអាណាព្យាបាល។

និស្សិតទាំង១៤២នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទាំងកម្មវិធីទទួលបានសញ្ញាបត្រមួយ និងសញ្ញាបត្រពីរ លើជំនាញផ្សេងៗគ្នា ដូចជាស្ថាបត្យកម្ម ធុរកិច្ច វិស្វកម្មសំណង់ស៊ីវិល កិច្ចការសកល ការគ្រប់គ្រងព័ត៌មានវិទ្យា ច្បាប់ ទេសចរណ៍ បច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មាន និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ៦នាក់ ដែលមកពីសហរដ្ឋអាមេរិក កូរ៉េ បារាំង ចិន និងរុស្ស៊ី។

សាស្ត្រាចារ្យបណ្ឌិត Raymond Leos សាកលវិទ្យាធិការខាងផ្នែកសិក្សា និងកិច្ចការនិស្សិត បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងលើកទឹកចិត្តនិស្សិតដែលបញ្ចប់ការសិក្សា ឱ្យជំនះរាល់ឧបសគ្គបន្តបន្ទាប់ទៀត ដើម្បីទទួលបានភាពជោគជ័យ និងរួមចំណែកផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម ពិសេសបន្តផ្តោតលើគោលដៅរបស់ខ្លួន ហើយរីករាយជាមួយនឹងសមិទ្ធិផលជារៀងរាល់ថ្ងៃ ដើម្បីទទួលបានជីវិតដ៏ល្អប្រសើរ និងរីករាយ។

សាស្ត្រាចារ្យបណ្ឌិត Leos បានលើកឡើងថា <<និស្សិតជ័យលាភីទាំងអស់បានបញ្ចប់នូវកម្មវិធីសិក្សារបស់សហរដ្ឋអាមេរិកដោយជោគជ័យនិងប្រកបដោយភាពម៉ត់ចត់ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងវប្បធម៌ និងអរិយធម៌នៃព្រះរាជាណាចក្រកម្ពុជា និងអាស៊ីអាគ្នេយ៍។ ភាពជោគជ័យនាថ្ងៃនេះ កើតអំពីក្តីសុបិន និងការតាំងចិត្តយ៉ាងមុះមុតរបស់អ្នកទាំងអស់គ្នា>>។

នាឱកាសដ៏អធិកអធមនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដល់និស្សិតដែលបញ្ចប់ការសិក្សា និងបានចាត់ទុក ពួកគេជាអនាគតសសរទ្រូងនៃប្រទេសកម្ពុជា ហើយឯកឧត្តមបានបន្ថែមទៀតថា មានយុវជនកម្ពុជាកាន់តែច្រើនឡើងបានមានឈ្មោះបោះសំឡេងទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ក្នុងនោះមាននិស្សិតដែលចេញពីសាកលវិទ្យាល័យ AUPP ជាច្រើននាក់ផងដែរ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា <<ទោះទៅដល់ទីណា ចូរក្មួយៗទាំងអស់កុំភ្លេចពីដើមកំណើត ជាតិសាសន៍ ក្រុមគ្រួសារ មនុស្សជាទីគោរពស្រឡាញ់ និងជាពិសេស ជាតិមាតុភូមិរបស់យើង។ ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលអភិវឌ្យន៍ដ៏មហាសាល ហើយក្មួយៗក៏រួមចំណែកនៅក្នុងដំណើរការអភិវឌ្ឍពិតប្រាកដ។ ពេលនេះ ជាពេលដែលក្មួយៗទាំងអស់ត្រូវបោះជំហានបន្ថែមមួយទៀត ដោយយកពុទ្ធិដែលទទួលបានពីការសិក្សា ទៅអនុវត្តឱ្យកើតជាប្រយោជន៏ និងនាំយកកិត្តិយសជូនគ្រួសារ គ្រឹះស្ថានសិក្សាដើម និងប្រជាជាតិទាំងមូល>>។

ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាសាកលវិទ្យាល័យគំរូ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាបណ្តុះបណ្តាលយុវជនជំនាន់ថ្មី ដែលជាអ្នកចេះត្រិះរិះពិចារណា អ្នកច្នៃប្រឌិត និងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ដើម្បីបម្រើប្រទេសកម្ពុជា និងពិភពលោក សាកលវិទ្យាល័យ AUPP បានផ្តល់ជូនកម្មវិធីសិក្សាបែបអាមេរិក ស្របតាមស្តង់ដារអន្តរជាតិចាប់តាំងពីឆ្នាំ២០១៣។ AUPP បានសហការជាមួយដៃគូសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកចំនួនពីរ គឺសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ Fort Hays State ហើយមាននិស្សិតជាង៦០០នាក់ហើយ ដែលបានបញ្ចប់ការសិក្សានៅ AUPP ។

និស្សិតបញ្ចប់ការសិក្សាជាច្រើនបានទទួលនូវវឌ្ឍនភាពការងារដ៏ល្អៗនៅតាមបណ្តាក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនកំពូលៗក្នុងប្រទេស ខណៈដែលនិស្សិតជាច្រើនផ្សេងទៀតបាននិងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលនៅលើពិភពលោកដូចជា សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Ohio, និងសាកលវិទ្យាល័យជាតិសិង្ហបុរីជាដើម។ AUPP ក៏បានទាក់ទាញនិស្សិតអន្តរជាតិជាច្រើនមកពីទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប ផងដែរ។

AUPP ផ្តល់មុខជំនាញសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម ធុរកិច្ច វិស្វកម្មសំណង់ស៊ីវិល កិច្ចការសកល ការគ្រប់គ្រងព័ត៌មានវិទ្យា ច្បាប់ ទេសចរណ៍ បច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មាន និងបរិញ្ញាបត្រជាន់ខ្ពស់៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...