ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់ពីគុណប្រយោជន៍ព្រែកជីកហ្វូណន-តេជោ ក្នុងការជួយបញ្ជៀសទឹកជំនន់ពីប៉ែកខាងត្បូងរាជធានីភ្នំពេញ ភូមិសាស្ត្រស្ទឹងព្រែកត្នោត និងខេត្តផ្សេងទៀត (Video inside)

Posted By: RoogRog Robot | 03-May-2024 16:31:22

2024-05-03 03:28pm

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រ​កម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជានេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយបញ្ជៀសទឹកជំនន់ពីប៉ែកខាងត្បូងរាជធានីភ្នំពេញ ភូមិសាស្ត្រស្ទឹងព្រែកត្នោត ជួយឱ្យរាជធានីភ្នំពេញ និងខេត្តកណ្តាលលែងលិចលង់ដោយសារជំនន់ទឹកភ្លៀងផងដែរ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គ​រាជ​ទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់ និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រោយការធ្វើព្រែកជីកហ្វូណនតេជោនេះរួចរាល់ យើងនឹងអាចបញ្ជៀសទឹកពីស្ទឹងព្រែកត្នោតចូលព្រែកជីក ហើយនឹងជួយឱ្យរាជធានីភ្នំពេញ និងខេត្តកណ្តាលលែងលិចលងទៀតហើយ តាមរយៈការបញ្ជៀសទឹកចូលទៅក្នុងព្រែកជីក ហើយបើសិនយើងមិនត្រូវការទឹកទាំងនោះ យើងអាចបើកឱ្យហូរចូលសមុទ្របាន។ ព្រែកជីកនេះមិនត្រឹមតែជួយដល់កម្ពុជាមិនឱ្យលិចលង់ទេ ថែមទាំងជួយដល់វៀមណាមកុំឱ្យលិចលង់ដូចគ្នាដោយសារទឹកជំនន់ធ្លាក់ពីកម្ពុជាទៅផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា <<ខ្ញុំបានទទួលព័ត៌មានពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក លោកបានប្រាប់ហើយថា ទឹកលិចនៅភ្នំពេញនេះ គឺមកពីស្ទឹងព្រែកត្នោតដែរ ហើយឯកឧត្តមបានរៀបចំគម្រោងហើយដែរ ដើម្បីបញ្ជៀសទឹកពីស្ទឹងព្រែកត្នោតចូលព្រែកជីកហ្វូណនតេជោនេះ អីចឹងភ្នំពេញក៏លែងលិចលង់ ខេត្តកណ្តាលក៏លែងលិចដែរ>>។

ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងទៀតថា គម្រោងនេះអត់មានផលប៉ះពាល់នៅកម្ពុជា ក៏អត់ប៉ះពាល់ដល់វៀតណាមដែរ ផ្ទុយទៅវិញគម្រោងនេះនឹងជួយបង្កើតជម្រកថ្មីសម្រាប់ជីវចម្រុះ មានត្រី បក្សី វារីសត្វ វារីរុក្ខជាតិ និងសត្វល្មូន ជួយរក្សានិរន្តភាពបរិស្ថាន រំហូរទឹក ចំណីធម្មជាតិ កាត់បន្ថយគ្រោះទឹកជំនន់ និងរាំងស្ងួត គឺមានទឹកពេញរហូតផងដែរ។

សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ៥.៤ម៉ែត្រប៉ុណ្ណោះ។

ព្រែកជីកហ្វូណន-តេជោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ថា មានផលប្រយោជន៍យ៉ាងហោចណាស់ចំនួន៤ រួមមាន៖

ទី១៖ បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់បៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។ទី២៖ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។ទី៣៖ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា។ទី៤៖ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រីជាដើម)៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...